ព័ត៌មានអន្តរជាតិ

ទីក្រុងគៀវ អាច​នឹង​ងាក​ទៅ​អង្គការ WTO ជុំវិញ​ការ​ដាក់ទណ្ឌកម្ម ​លើ​គ្រាប់ធញ្ញជាតិ​អ៊ុយក្រែន

ប្រភព ៖ AFP

គៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន រក្សាសិទ្ធិក្នុងការងាកទៅរកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រសិនបើប៉ូឡូញ បន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។

លោក Shmyhal បានសរសេរថា “ក្នុងករណីមានការរំលោភច្បាប់ពាណិជ្ជកម្ម ដើម្បីផលប្រយោជន៍នយោបាយប្រជានិយមមុនការបោះឆ្នោត អ៊ុយក្រែន នឹងត្រូវបង្ខំឱ្យងាកទៅរកមជ្ឈត្តកម្មរបស់ WTO ដើម្បីទទួលបានសំណង សម្រាប់ការរំលោភលើបទដ្ឋាននៃកិច្ចព្រមព្រៀងទូទៅ ស្តីពីពន្ធគយ និងពាណិជ្ជកម្ម (GATT)” ។ ​

លោក Shmyhal បានលើកឡើងថា អ៊ុយក្រែន កំពុងបំពេញកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងសមាគមជាមួយសហភាពអឺរ៉ុប និងច្បាប់ WTO ដោយកត់សម្គាល់ថា អ៊ុយក្រែន មិនមានចេតនាធ្វើបាបកសិករប៉ូឡូញនោះទេ។

នៅព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានឲ្យដឹងថា ប្រទេសរបស់លោក នឹងបន្តការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន ដោយមិនគិតពីការសម្រេចចិត្តរបស់អឺរ៉ុប លើបញ្ហានេះ។

កាល​ពី​ខែ​ឧសភា គណៈកម្មការ​អឺរ៉ុប ​បាន​ដាក់​បម្រាម​លើ​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​ពី​អ៊ុយក្រែន​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ចំនួន ៥។ ការ​រឹត​បន្តឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃ​ទី១៥ ខែ​កញ្ញា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីខែមុន រដ្ឋមន្ត្រីក្រសួងកសិកម្មប៉ូឡូញ លោក Robert Telus បានឲ្យដឹងថា ប្រទេសរបស់លោករួមគ្នាជាមួយប្រទេសស្លូវ៉ាគី ប៊ុលហ្គារី រូម៉ានី និងហុងគ្រី គាំទ្រការបន្តការហាមឃាត់នេះ រហូតដល់ដំណាច់ឆ្នាំនេះ៕
ប្រែសម្រួល ឈូក​ បូរ៉ា

Most Popular

To Top