ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង សន្យាគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន និងពង្រឹងទំនាក់ទំនងទ្វេភាគី

រូបភាពពី៖​ KYODO

ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន Tass បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាគាំទ្រ ចំពោះសង្គ្រាមរបស់រុស្ស៊ី លើអ៊ុយក្រែន និងបង្ហាញទំនុកចិត្តក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងបង្កើតទំនាក់ទំនងជាយុទ្ធសាស្ត្រនៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។

ក្នុងអំឡុងពេលពិភាក្សានៅឯមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Vostochny Cosmodrome នៅចុងបូព៌ារុស្ស៊ី លោក គីម ត្រូវបានដកស្រង់សម្តីដោយប្រាប់លោក ពូទីន ថាទីក្រុងមូស្គូ កំពុងធ្វើ “ការប្រយុទ្ធដ៏ពិសិដ្ឋ ដើម្បីធានាសន្តិសុខរបស់ខ្លួន ខណៈដែលកំពុងប្រយុទ្ធជាមួយ កងកម្លាំងអនុត្តរភាព ដែលប្រឆាំងនឹងរុស្ស៊ី” ។

មេដឹកនាំកូរ៉េខាងជើង បានឲ្យដឹងថា ទំនាក់ទំនងទ្វេភាគីជាមួយរុស្ស៊ី គឺជា “អាទិភាពចម្បង សម្រាប់ប្រទេសរបស់យើងនាពេលបច្ចុប្បន្ន” ហើយថាការពិភាក្សារបស់លោក ជាមួយលោក ពូទីន នឹងដើរតួជាកម្លាំងរុញច្រាន សម្រាប់ការផ្លាស់ប្តូរទំនាក់ទំនងមិត្តភាពប្រពៃណីទៅជា ​ទំនាក់ទំនងដែលមិនអាចបំបែកបាននៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ” ។ ​

ទាំងលោក គីម និងលោក ពូទីន បានធ្វើអត្ថាធិប្បាយថា កិច្ចប្រជុំរបស់ពួកគេកំពុងធ្វើឡើងនៅ “ពេលវេលាពិសេសមួយ”។ ឆ្នាំនេះ គឺជាខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងរុស្ស៊ី និងកូរ៉េខាងជើង។

មេដឹកនាំទាំងពីរបានជួបគ្នាជាលើកដំបូងក្នុងរយៈពេលជាង ៤ឆ្នាំ ដោយប្រទេសរបស់ពួកគេត្រូវបានគេជឿថា កំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ ចំពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងតាមកញ្ចក់ទូរទស្សន៍ Rossiya-1 ថា លោក ពូទីន និងលោក គីម បានពិភាក្សាគ្នាអំពីឱកាស សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការស្វែងរកការងារទាក់ទងនឹងលំហអាកាស។

ការផ្តល់អាវុធ គ្រាប់រំសេវ និងបច្ចេកវិជ្ជារបស់កូរ៉េខាងជើង ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងធ្វើសង្រ្គាមរបស់ទីក្រុងមូស្គូ ទំនងជារបៀបវារៈនៃកិច្ចប្រជុំកំពូល នេះបើយោងតាមប្រភពជិតស្និទ្ធនឹងអាជ្ញាធររុស្ស៊ីបានឲ្យដឹងនៅមុនកិច្ចប្រជុំ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top