ព័ត៌មានអន្តរជាតិ

ប្រទេស​ថៃ ​នឹង​ផ្តល់​ជូន ​ការ​ចូលទស្សនា​ដោយ​គ្មាន​ទិដ្ឋាការ ​សម្រាប់​ភ្ញៀវ​មក​ពី​ប្រទេស​ចិន និងកាហ្សាក់ស្ថាន

រូបភាពពី៖​ XINHUA

បាងកក៖ ប្រទេសថៃបានអនុម័តការលើកលែងទិដ្ឋាការបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថាន ក្នុងអំឡុងរដូវកាលខ្ពស់ចុងឆ្នាំ ដើម្បីគាំទ្រដល់ឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នាយករដ្ឋមន្ត្រីថៃ លោក​ ស្រេតថា ថាវីស៊ីន បានឲ្យដឹងថា គោលនយោបាយនេះនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន ចូលប្រទេសអាស៊ីអាគ្នេយ៍ ដោយមិនចាំបាច់មានទិដ្ឋាការចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២៤។

លោក ស្រេតថា បានប្រាប់សន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់លោកថា រដ្ឋាភិបាលថៃ នឹងវាយតម្លៃផលប៉ះពាល់នៃគម្រោងបណ្តោះអាសន្ននេះ បន្ទាប់ពីវាបានបញ្ចប់។

លោក​បាន​បន្ត​ថា​ “​យើង​បាន​ពិភាក្សា​រឿង​នេះ​ជាមួយ​ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់ ​ដើម្បី​ធានា​ថា ​យើង​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ​។

អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Chai Wacharonke បានឲ្យដឹងថា ក្នុងនាមជាកត្តាជំរុញដ៏សំខាន់នៃកំណើន ប្រទេសថៃ បានគ្រោងនឹងពង្រឹងឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញដោយការណែនាំសម្ភារៈផ្សព្វផ្សាយ ដើម្បីជូនដំណឹងដល់អ្នកធ្វើដំណើរនាពេលអនាគត និងជួយពួកគេទទួលបានទំនុកចិត្តក្នុងការមកទស្សនាប្រទេសនេះ។

វិធានការបន្ថែមក៏រួមបញ្ចូលផងដែរនូវការបង្កើនផ្លូវ និងភាពញឹកញាប់ នៃជើងហោះហើរត្រង់ដែលតភ្ជាប់ជាមួយទីក្រុងលំដាប់ទី២ របស់ចិន ដែលមានសក្ដានុពលក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ក៏ដូចជាការបង្កើតក្រុមគ្រប់គ្រងវិបត្តិតាមអ៊ីនធឺណិត ដើម្បីដោះស្រាយព័ត៌មានមិនពិត និងចំណាប់អារម្មណ៍មិនល្អ ក្នុងចំណោមភ្ញៀវទេសចរចិន​។

លោកបានកត់សម្គាល់ថា ជាមួយនឹងគោលនយោបាយថ្មីនេះ ប្រទេសថៃ រំពឹងថានឹងទទួលបានភ្ញៀវបរទេសចំនួន ២៨ លាននាក់នៅឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលជាង ១,៤ ពាន់ពាន់លានបាត (ប្រហែល ៣៩,១៥ ពាន់លានដុល្លារអាមេរិក) ជាចំណូលពីភ្ញៀវចូល។

លោកបានបន្ថែមថា ភ្ញៀវទេសចរចូលរបស់ប្រទេសនេះត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៤០លាននាក់ក្នុងឆ្នាំ២០២៤ ជាមួយនឹងប្រាក់ចំណូលសរុបពីទេសចរណ៍ចំនួន ៣ ,‌១ ពាន់ពាន់លានបាត (ប្រហែល ៨៦,៦៨ ពាន់លានដុល្លារអាមេរិក)៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top