ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា មិនថាសហរដ្ឋអាមេរិកនិយាយអ្វីនោះទេ ខ្លួនកំពុងគ្រប់គ្រងជម្លោះនៅអ៊ុយក្រែន ការផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងចារកម្ម ហើយការធ្វើដូច្នេះ ជាការធ្វើសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។
លោក Lavrov បានឲ្យដឹងថា “អ្វីដែលកំពុងកើតឡើងនោះ គឺថា អ៊ុយក្រែនបានត្រៀមខ្លួនជាច្រើនឆ្នាំ ដើម្បីប្រយុទ្ធដោយដៃ និងរាងកាយរបស់ខ្លួន ដើម្បីកម្ចាត់រុស្ស៊ីជាយុទ្ធសាស្ត្រ មិនថាពួកគេនិយាយអ្វីនោះទេ ពួកគេកំពុងគ្រប់គ្រងសង្រ្គាមនេះ ពួកគេកំពុងផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ ចារកម្ម និង ទិន្នន័យផ្កាយរណប។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅក្នុងកិច្ចប្រជុំជាមួយសមភាគីបេឡារុស្ស លោក Alexander Lukashenko ថា សហរដ្ឋអាមេរិក ព្យាយាមដោះស្រាយបញ្ហាទាំងអស់ ដែលខ្លួនជួបប្រទះដោយកម្លាំង ការគំរាមកំហែង ឬទណ្ឌកម្មសេដ្ឋកិច្ច។
លោកបានគូសបញ្ជាក់ថា រុស្ស៊ី មិនមែនជាការគំរាមកំហែងដល់នរណាម្នាក់ឡើយ ហើយជនជាតិអាមេរិកខ្លួនឯងទទួលស្គាល់ថា ការគំរាមកំហែងពិតប្រាកដបានផុសចេញពីសេតវិមាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។
កាលពីដើមខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា រដ្ឋបាលលោក បៃដិន កំពុងសម្លឹងមើលការផ្គត់ផ្គង់អ៊ុយក្រែន ជាមួយនឹងប្រព័ន្ធមីស៊ីល ATACMS ដែលមានរយៈចម្ងាយរហូតដល់ ១៩០ម៉ាយ ដែលមានសមត្ថភាពវាយលុកចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ការផ្គត់ផ្គង់នេះ នឹងជំរុញការវាយលុករបស់អ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា