បាដាដ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ យន្តហោះវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់តួកគី បានវាយប្រហារទៅលើតំបន់ភាគខាងជើង នៃប្រទេសអ៊ីរ៉ាក់ ដោយបានសម្លាប់សមាជិកជាន់ខ្ពស់ម្នាក់ និងក្រុមសកម្មប្រយុទ្ធ៣នាក់ របស់គណបក្សពលករឃឺដ ហៅកាត់ថា (PKK) ។ ក្រុមសេវាកម្មប្រឆាំងភេរវកម្ម នៃតំបន់ពាក់កណ្តាលស្វយ័តជនជាតិឃឺដ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ មួយយ៉ាងដូច្នេះ ។
សេចក្តីថ្លែងការណ៍បានដាក់ថា ពួកគេត្រូវបានគេសម្លាប់នៅវេលាម៉ោង៣រសៀលម៉ោងក្នុងស្រុក ត្រូវម៉ោង១២និង០០នាទីម៉ោងសកល នៅគ្រាដែលយន្តហោះគ្មានមនុស្សបើករបស់តួកគី បានវាយប្រហារទៅលើរថយន្តរបស់ពួកគេនៅលើដងផ្លូវមួយនៅក្នុងតំបន់ Chalmir នៃភ្នំ Sinjar ស្ថិតនៅចម្ងាយប្រហែល១២០គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Mosul នៃខេត្ត Nineveh ។
គេបានដឹងថា ជារឿយៗ កងកម្លាំងតួកគី បានធ្វើប្រតិបត្តិការជើងគោក ការវាយប្រហារតាមផ្លូវអាកាស និងការទម្លាក់គ្រាប់បែក ដោយការបាញ់កាំភ្លើងធំនៅភាគខាងជើង ប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងក្រុម PKK ជាពិសេសនៅតំបន់ភ្នំ Qandil ដែលជាមូលដ្ឋានសំខាន់របស់ក្រុមនេះ ។
ក្រុម PKK ដែលត្រូវបាន ចុះបញ្ជីជាអង្គការ ភេរវករដោយតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បាននិងកំពុងបះបោរប្រឆាំងនឹងរដ្ឋាភិបាល តួកគីអស់រយៈពេលជាង ៣ទសវត្សរ៍ មកហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ប្រភព ៖AFP