ម៉ូហ្គាឌីស៊ូ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ថា កងទ័ពជាតិសូម៉ាលី បានសម្លាប់ក្រុមសកម្មប្រយុទ្ធ al-Shabab អស់ជាង៣០នាក់ កាលពីល្ងាចថ្ងៃសៅរ៍ នៅក្នុងប្រតិបត្តិការ នៅភាគកណ្តាលនៃប្រទេសសូម៉ាលី ។
ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃសៅរ៍នៅទីក្រុង ម៉ូហ្គាឌីស៊ូន ថា “ប្រតិបត្តិការនេះបានបណ្តាលឱ្យក្រុមសកម្មប្រយុទ្ធចំនួន៣០នាក់ស្លាប់ ការបំផ្លិចបំផ្លាញ យានយន្តចំនួន៤គ្រឿង និងបានធ្វើការរឹបអូសរថយន្ត និងអាវុធចំនួន២គ្រឿងទៀតផង” ។
ក្រសួងខាងលើបានឲ្យដឹងទៀតថា “យើងសូមថ្លែងអំណរគុណ ចំពោះពលរដ្ឋក្លាហាន ដែលបានជ្រើសរើសយកការងើប ឈរប្រឆាំងនឹងសត្រូវ ។ យើងរួបរួមគ្នាក្នុងបេសកកម្ម របស់យើងក្នុងការលុបបំបាត់ក្រុម al-Shabab” ។
ក្រសួងដដែលក៏បានបញ្ជាក់ផងដែរថា លោក Mohamed Bashir Muse ជាមេដឹកនាំជាន់ខ្ពស់ របស់ក្រុម al-Shabab ស្ថិតក្នុងចំណោមអ្នកប្រយុទ្ធ ចំនួន៣០នាក់ ដែលត្រូវបានសម្លាប់នៅក្នុង អំឡុងពេលប្រតិបត្តិការ ។
ក្រសួងបានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការយោធារួមគ្នា កំពុងដំណើរការនៅក្នុងតំបន់ ដែលស្ថិតនៅក្រោមសង្កាត់ Mahaday ក្នុងតំបន់ Middle Shabelle ដែលផ្តោតលើក្រុមយុទ្ធជនរបស់ក្រុម al-Shabab ជាន់ខ្ពស់ ដែលលាក់ខ្លួននៅជិតច្រាំងទន្លេ ។
អ្នកស្រុកបានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធ និងកងកម្លាំងមូលដ្ឋានបានគ្រប់គ្រងទាំងស្រុងភូមិ Sargo និងភូមិ Qodqod នៅក្នុងតំបន់ Mudug ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា