ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍អាមេរិក ​​​៖ សហរដ្ឋអាមេរិក គួរតែធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសជម្លោះ ប្រដាប់អាវុធ ដោយបើកចំហរ ជាមួយប្រទេសចិន

ប្រភព៖ Xinhua

បរទេស ៖ ប្រធានអគ្គសេនាធិការចម្រុះ អាមេរិក លោកឧត្តមសេនីយ៍ Mark Milley បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក គួរតែធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីជៀសវាងជម្លោះ ប្រដាប់អាវុធ ដោយបើកចំហជា មួយប្រទេសចិន ហើយកុំធ្វើសង្រ្គាមមហាអំណាចម្តងទៀត ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Milley បាននិយាយនៅក្នុង បទសម្ភាសន៍ជាមួយបណ្តាញ ព័ត៌មានអាមេរិកថា “យើងគួរតែព្យាយាម ឱ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីជៀសវាងជម្លោះប្រដាប់ អាវុធបើកចំហជាមួយប្រទេសចិន” ។

មន្ត្រីយោធារូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកបានចូលរួមក្នុង “សង្រ្គាមមហាអំណាច” ចំនួនពីររួចហើយ ដោយបញ្ជាក់ថា លោកកំពុងនិយាយអំពីសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទីពីរ។

និយាយអំពី “ការឈ្លានពាន” របស់ចិនលើកោះតៃវ៉ាន់ លោក Milley បាននិយាយថា “វាអាចទៅរួចទាំងស្រុង” សម្រាប់សហរដ្ឋអាមេរិកក្នុងការទប់ទល់ការវាយប្រហារ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនចង់បាន “លទ្ធផលសន្តិភាព” រវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top