ព័ត៌មានអន្តរជាតិ

ចិននិងសហភាពអឺរ៉ុប ជួបពិភាក្សាគ្នា អំពីព័ត៌មាន វៃឆ្លាតសិប្បនិម្មិត “AI” និងការលំហូរ ទិន្នន័យឆ្លងព្រំដែន

ប្រភព៖ Xinhua

ចិន៖យោងតាមការ ចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា ប្រទេសចិន និងសហភាពអឺរ៉ុប បានពិភាក្សាគ្នា លើប្រធានបទ រួមទាំងព័ត៌មានវៃឆ្លាតសិប្បនិម្មិត និងលំហូរទិន្នន័យឆ្លងព្រំដែន កាលពីថ្ងៃចន្ទ ក្នុងទីក្រុងប៉េកាំង ចំពេលមានជម្លោះ ជុំវិញការស៊ើបអង្កេត របស់សហភាពអឺរ៉ុប លើការឧបត្ថម្ភធនយាន ជំនិះរបស់ប្រទេសចិន ។

នេះបើតាមការឲ្យដឹង របស់គណៈកម្មការអឺរ៉ុបថា កិច្ចពិភាក្សានេះ ជាផ្នែកមួយ នៃកិច្ចសន្ទនាឌីជីថលកម្រិតខ្ពស់ រវាងសហភាព អឺរ៉ុប និងចិន ដែលដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រីចិន លោក Zhang Guoqing និងអនុប្រធាន គណៈកម្មការ អឺរ៉ុបសម្រាប់តម្លៃ និងតម្លាភាព លោក Vera Jourova ជាកិច្ចសន្ទនាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ។

កិច្ចប្រជុំនេះកើតឡើង នៅពេលភាពតានតឹងរវាងចិន និងសហភាពអឺរ៉ុប ត្រូវបានកើនឡើង បន្ទាប់ពីប្រធាន គណៈកម្មការអឺរ៉ុប Ursula von der Leyen បានប្រកាស ពីការស៊ើបអង្កេតថា តើត្រូវដាក់ពន្ធពិន័យលើយានយន្តអគ្គិសនី របស់ចិនដើម្បីការពារ អ្នកផលិតរបស់សហភាពអឺរ៉ុបដែរឬទេ ។

ទីក្រុងប៉េកាំង បានរិះគន់ការ ស៊ើបអង្កេត នេះថា ជាទង្វើអ្នកការពារ ហើយបានព្រមានថា វានឹងធ្វើឲ្យខូចទំនាក់ទំនង សេដ្ឋកិច្ច។ ប្រទេសចិន និងសហភាពអឺរ៉ុប បាននិយាយថា កិច្ចពិភាក្សាកាលពីថ្ងៃចន្ទ បានគ្របដណ្តប់លើ បញ្ហាសំខាន់ៗរួមទាំងវេទិកា និងបទប្បញ្ញត្តិ ទិន្នន័យ AI និងលំហូរឆ្លង កាត់ព្រំដែននៃទិន្នន័យ ឧស្សាហកម្ម ។ គណៈកម្មការអឺរ៉ុប បានបង្ហាញ ពីការព្រួយបារម្ភអំពីការ លំបាកដែលក្រុមហ៊ុន EU ប្រឈមមុខនៅ ប្រទេសចិនក្នុង ការប្រើប្រាស់ទិន្នន័យឧស្សាហកម្មរបស់ពួកគេ ជាលទ្ធផល នៃការអនុវត្តច្បាប់ថ្មីៗនេះ ។

សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់លម្អិតថា តើច្បាប់មួយណា ដែលខ្លួនសំដៅ ទៅលើនោះទេ។ ប្រទេសចិនបានពង្រីកច្បាប់ ប្រឆាំងចារកម្មរបស់ខ្លួនកាលខែកក្កដាជាមួយនឹងការធ្វើការអាប់ដេតទូលំទូលាយរួមទាំងការហាមឃាត់ការផ្ទេរព័ត៌មានណាមួយដែលទាក់ទងនឹងសន្តិសុខជាតិ និងការពង្រីកនិយមន័យនៃចារកម្ម។

លោក Zhang បានប្រាប់អង្គប្រជុំថា ប្រទេសចិនស្វាគមន៍ក្រុមហ៊ុនមកពីជុំវិញ ពិភពលោក រួមទាំងអឺរ៉ុបផងដែរ ដើម្បីចែករំលែកឱកាសអភិវឌ្ឍន៍ នៃសេដ្ឋកិច្ចឌីជីថលរបស់ខ្លួន និងសម្រេចបាន លទ្ធផលឈ្នះ-ឈ្នះ។ ស៊ីនហួបាននិយាយថា ភាគីទាំង ២បានព្រមព្រៀងគ្នា ក្នុងការលើកកម្ពស់បរិយាកាស បើកចំហ យុត្តិធម៌ និងមិនរើសអើង សម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចឌីជីថល ៕
ដោយ៖លី ភីលីព

Most Popular

To Top