នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីសិន បានសម្លឹងឃើញទេសចរមកពីប្រទេសឥណ្ឌា ដែលនឹងជំរុញដល់វិស័យទេសចរណ៍របស់ប្រទេសថៃ បន្ទាប់ពីប្រទេសចិន។
លោក ស្រេតថា បានឱ្យដឹងថា លោកគ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌា នៅក្នុងឆ្នាំ២០២៣នេះ ដើម្បីជួបសមភាគីរបស់លោក គឺនាយករដ្ឋមន្រ្តី ណារិនដ្រា មូឌី ក្នុងការពិភាក្សាគ្នាលើការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។

ថ្លែងក្នុងវេទិកាមួយ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ស្រេតថា បានលើកឡើងថា មកដល់ពេលនេះ ប្រទេសថៃ មិនទាន់មានជើងហោះហើរច្រើនពីប្រទេសឥណ្ឌានៅឡើយ ដោយសារតែនយោបាយផ្ទៃក្នុង។
ដើម្បីជំរុញទេសចរឥណ្ឌា ចូលមកក្នុងប្រទេសកាន់តែច្រើន រដ្ឋាភិបាលថៃ នឹងពិចារណាបន្ធូរបន្ថយពន្ធលើគ្រឿងអលង្ការដែលនាំចូលពីឥណ្ឌា សម្រាប់គោលបំណងរៀបចំអាពាហ៍ពិពាហ៍របស់ជនជាតិឥណ្ឌាក្នុងប្រទេសថៃ ខណៈប្រទេសនេះគឺជាគោលដៅដ៏ពេញនិយមសម្រាប់ការរៀបចំពិធីបែបនេះ។ ជាមួយគ្នានេះ ការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរឥណ្ឌា ក៏គ្រោងនឹងធ្វើឡើងផងដែរ។

ការលើកឡើងរបស់របស់លោក ស្រេតថា ខាងលើនេះ ធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្រ្តីថៃ បានសម្រេចលើកលែងទិដ្ឋាការបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់។ ភ្ញៀវមកពីប្រទេសទាំងពីរ អាចចូលប្រទេសថៃ ដោយមិនចាំបាច់មានវីសា នៅចន្លោះថ្ងៃទី២៥ កញ្ញា ដល់ ២៩ កុម្ភៈ ឆ្នាំ២០២៤ ដោយអាចស្នាក់នៅបានយូរបំផុត ៣០ថ្ងៃ ក្នុងពេលចូលប្រទេសម្តង៕
ប្រភព៖sabay
