បរទេស ៖ កាលពីថ្ងៃសុក្រ នេះបើតាមសារ ព័ត៌មាន Sky News បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានអះអាងថា ពិតជាបានប្រើប្រាស់ មីស៊ីល Storm Shadow ដែលផ្គត់ផ្គង់ ដោយអង់គ្លេស ដើម្បីវាយប្រហារមូល ដ្ឋានទ័ពជើង ទឹករុស្ស៊ីនៅCrimea ។
យោងតាមការចេញផ្សាយរបស់ RT មីស៊ីលដែលត្រូវបានបង្កើតឡើងរួមគ្នាដោយអង់គ្លេសនិងបារាំងត្រូវបានប្រគល់ដោយទីក្រុងឡុងដ៍ និងប៉ារីស ទៅអ៊ុយក្រែន កាលពីដើមឆ្នាំនេះ ។ អាវុធប្រភេទនេះ ដែលត្រូវបានគេស្គាល់ នៅក្នុងប្រទេសបារាំងថា SCALP-EG អាចធ្វើដំណើរ បានជាង១៥០ម៉ាយ។
ជាការឆ្លើយតបយោង តាមក្រសួងការពារជាតិរុស្ស៊ី ទីស្នាក់ការកណ្តាល នៃកងនាវាចរសមុទ្រ ខ្មៅនៅទីក្រុង Sevastopol ត្រូវបាន ខូចខាត ខណៈដែលមីស៊ីលដែលមិន បានបញ្ជាក់ចំនួន៥គ្រាប់ត្រូវបាន បាញ់ទំលាក់ពាក់កណ្តាលអាកាស។
ក្រសួងការពារជាតិរុស្សីនៅក្នុង សេចក្តីរាយការណ៍ដំបូងឡើយ បានរាយការណ៍ថា សមាជិកយោធាម្នាក់បានបាត់បង់ជីវិត ប៉ុន្តែក្រោយមកបាននិយាយថា មិនមានអ្នកណាម្នាក់ បាត់បង់ជីវិតឡើយ។
គួរឲ្យដឹងដែរថាប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស បានរាយការណ៍មុននេះថា មីស៊ីលStorm Shadow ក៏ត្រូវបានប្រើប្រាស់ផងដែរ ក្នុងអំឡុងការវាយប្រហារ លើកន្លែងផលិត នាវានៅតំបន់ Crimea កាលពីថ្ងៃទី ១៣ខែកញ្ញា ហើយជាលទ្ធផលនាវាកងទ័ពជើង ទឹករុស្ស៊ីពីរគ្រឿងត្រូវបានបំផ្លាញ៕
ប្រែសម្រួល៖ស៊ុនលី