បរទេស៖ កងកម្លាំងរុស្ស៊ី បានអះអាងថា យន្តហោះដ្រូន Lancet របស់ខ្លួនបានបាញ់បំផ្លាញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ចំនួនពីរគ្រឿងទៀតនៅក្នុងតំបន់ Kupyansk នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃសុក្រ។
យោងតាមការចេញផ្សាយរបស់ RTក្រសួងការពារជាតិបាននិយាយទៀតថាក្រុមយោធារុស្ស៊ីបានបើកការបាញ់ប្រហារលើកងកម្លាំងអ៊ុយក្រែន នៅជិតការតាំងទីលំនៅរបស់ Artemovka ក្នុងតំបន់ Lugansk របស់រុស្ស៊ីក៏ដូចជា Sinkovka, Berestovoe និង Ivanovka នៅក្នុងតំបន់ Kharkov របស់អ៊ុយក្រែនផងដែរ។
ក្រសួងការពារជាតិរុស្សីក៏បានអះអាងទៀតថា កម្លាំងរបស់ក្រុងគៀវបានបាត់បង់ទាហានសរុប ២០ នាក់ រថក្រោះ Leopard ២ គ្រឿង និងរថយន្ត ៣ គ្រឿងផ្សេងទៀតក្នុងការវាយប្រហារចុងក្រោយនេះ។
របាយការណ៍ចុងក្រោយរបស់ក្រសួងការពារជាតិបានបង្ហាញថា ទាហានអ៊ុយក្រែនរហូតដល់ ២០០នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងការវាយប្រហារទាំងនោះ ហើយរថយន្តប្រយុទ្ធថ្មើរជើងពីរគ្រឿង និងរថយន្តយោធាបីគ្រឿងក៏ត្រូវបានបំផ្លាញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី