ព័ត៌មានអន្តរជាតិ

លោក ម៉ាក្រុង ៖ បារាំង នឹងដកទ័ពចេញ ពីប្រទេសនីហ្សេរ នៅចុងឆ្នាំនេះ

ប្រភព ៖ AFP

ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃអាទិត្យ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានថ្លែងថា ប្រទេសបារាំង នឹងដកកងទ័ពរបស់ខ្លួនដែលដាក់ពង្រាយនៅក្នុងប្រទេសនីហ្សេរ នៅចុងឆ្នាំ២០២៣នេះ ។

ថ្លែងនៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍ លោក Macron បានថ្លែងថា ទាហានរបស់បារាំងចំនួន១.៥០០នាក់ ដែលត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសនីហ្សេរ ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មនៅក្នុងតំបន់ Sahel នឹង “ត្រឡប់មកវិញ ក្នុងលក្ខណៈសណ្តាប់ធ្នាប់” នៅចុងឆ្នាំនេះ ។

លោកបានថ្លែងថា “យើងកំពុងបញ្ចប់ កិច្ចសហប្រតិបត្តិការយោធា របស់យើងជាមួយអាជ្ញាធរ ពិតប្រាកដនៃប្រទេសនីហ្សេរ ពីព្រោះពួកគេមិនចង់ប្រយុទ្ធប្រឆាំង នឹង អំពើភេរវកម្មនោះទេ” លោកបានថ្លែងទៀតថា ប្រទេសបារាំង នឹងពិគ្រោះយោបល់ ជាមួយរបបយោធា ដើម្បីធ្វើឱ្យការដកកងទ័ពនេះ “ធ្វើឡើងដោយសន្តិវិធី” ។

លោក Macron បានថ្លែងថា “យើងនឹងបន្តគាំទ្រទ្វីបអាហ្រ្វិក ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ប៉ុន្តែយើងធ្វើដូច្នេះបានលុះត្រា តែវាជាសំណើរបស់មហាអំណាច ជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងអាជ្ញាធរនៅក្នុងតំបន់” ។

លោកប្រធានាធិបតីបារាំង ក៏បានបញ្ជាក់ផងដែរថា ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសនីហ្សេរ នឹងត្រឡប់ទៅប្រទេសបារាំងវិញក្នុងពេលឆាប់ៗនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top