ព័ត៌មានអន្តរជាតិ

Apple នឹងបង្កើនផលិតកម្ម នៅប្រទេសឥណ្ឌាលើស ៥ ដង មានទឹកប្រាក់ដល់ ៤០ ពាន់លានដុល្លារ

ប្រភព៖ AFP

អាមេរិក៖ PTI បានរាយការណ៍ដោយលើកឡើងពីមន្ត្រីរដ្ឋាភិបាល ដែលខ្លួនមិនបានកំណត់អត្តសញ្ញាណបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc គ្រោងនឹងបង្កើនផលិតកម្ម ក្នុងប្រទេសឥណ្ឌាច្រើនជាង ៥ ដងក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSN ។

មន្ត្រីដដែលបានប្រាប់ PTI ថា ក្រុមហ៊ុនបានផលិតលើសពី ៧ ពាន់លានដុល្លារ ក្នុងឆ្នាំហិរញ្ញវត្ថុចុងក្រោយនេះ ហើយកំពុងមានគោលដៅ សម្រាប់ទឹកប្រាក់ ៤០ ពាន់លានដុល្លារ។ Apple មិនបានឆ្លើយតបនឹងសំណួរ ដែលបានផ្ញើតាមអ៊ីម៉ែលក្រៅ ម៉ោងធ្វើការទេ ។

ក្រុមហ៊ុន Apple ផលិត iPhone នៅប្រទេសឥណ្ឌា ហើយមានគម្រោងចាប់ផ្តើមផលិត AirPods ផងដែរនៅឆ្នាំក្រោយ។ ដំបូងឡើយ ក្រុមហ៊ុនផលិតទូរស័ព្ទដែលមានមូលដ្ឋាននៅទីក្រុង Cupertino បានដាក់លក់ iPhone 15 ផលិតនៅឥណ្ឌាក្នុងខែនេះ នៅថ្ងៃចេញលក់ជាសាកលរបស់ខ្លួន ។

លោក Rajeev Chandrasekhar រដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យារបស់ឥណ្ឌា បានប្រាប់ Bloomberg TV កាលពីដើមខែនេះថា ទន្ទឹមនឹងនេះដែរ ប្រទេសនេះកំពុងសម្លឹងមើលការពង្រីកឧស្សាហកម្មអេឡិចត្រូនិករបស់ខ្លួនដល់ទឹកប្រាក់ ៣០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៦ ដោយផ្អែកលើការកើនឡើង នៃផលិតកម្មស្មាតហ្វូន និងការជំរុញជាសកល ដើម្បីកាត់បន្ថយហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់ ដែលមានមូលដ្ឋាននៅប្រទេសចិន៕

ដោយ៖លី ភីលីព

Most Popular

To Top