ព័ត៌មានអន្តរជាតិ

ក្រិច នឹងទទួលបានប្រាក់​ ៥៥ពាន់លានអឺរ៉ូ ពី EU ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

ប្រភព៖ Xinhua

អាតែន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ថា លោក Nikos Papathanasis អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាតិ និង ហិរញ្ញវត្ថុក្រិច បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសក្រិច នឹងទទួលបានជំនួយ ផ្នែកហិរញ្ញវត្ថុសរុបប្រហែល៥៥ពាន់លានអឺរ៉ូ ស្មើនឹង៥៨,២២ពាន់លានដុល្លារអាមេរិក ពីសហភាពអឺរ៉ុប ហៅកាត់ (EU) ក្នុងរយៈពេល ៤ទៅ៦ឆ្នាំខាងមុខ ។

មន្ត្រីក្រសួងហិរញ្ញវត្ថុ របស់ប្រទេសក្រិច បានសង្កត់ធ្ងន់អំពីតួនាទី ដ៏សំខាន់របស់មូល និធិអឺរ៉ុប ដែលបង្កើតបានជាង ៨០ភាគរយនៃការវិនិយោគសាធារណៈរបស់ប្រទេសក្រិច ក្នុងការជំរុញឲ្យមាន ការងើបឡើងវិញនៃសេដ្ឋកិច្ច និងចក្ខុវិស័យកំណើន របស់ប្រទេសនេះ ។

ដោយពិនិត្យមើលឥទ្ធិពលនៃការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុបលើសេដ្ឋកិច្ចក្រិចនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លោក Papathanasis បានប្រាប់ដល់សន្និសីទសារព័ត៌មានថា “កម្មវិធីក្របខ័ណ្ឌយោងយុទ្ធសាស្ត្រជាតិ ហៅកាត់ (NSRF) សម្រាប់ឆ្នាំ២០១៤ដល់២០២០ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចក្រិច … នៅក្នុងអំឡុងពេលឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣នេះ យើងបានបង្កើនអត្រាស្រូបយកមូលនិធិ៣ដងធៀបនឹង៤ឆ្នាំមុន ។

លោកបានថ្លែងទៀតថា “នៅក្នុងឆ្នាំ២០១៩អត្រា ស្រូបយកគឺ២៤,៥ភាគរយ ហើយថ្ងៃនេះ យើងបានឈានដល់៨៨ភាគរយ (ហើយនៅចុងឆ្នាំ នឹងមានដល់១០០ភាគរយ) ។ យើងកំពុងជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុងចំណោមរដ្ឋសមាជិក សហភាពអឺរ៉ុបទាក់ទងនឹង អត្រាស្រូបយកមូល និធិសហភាពអឺរ៉ុប” ។

អត្រាស្រូបទាញបង្ហាញ ពីភាគរយ នៃចំនួនសរុប ដែលបានបែងចែក ឬប្តេជ្ញាចិត្តសម្រាប់ថវិកា សហភាពអឺរ៉ុប ផ្តល់មកទៅកាន់រដ្ឋ សមាជិកជាក់លាក់មួយ ដែលត្រូវបានបញ្ចេញ ឬស្រូបយកដោយរដ្ឋសមាជិក នោះសម្រាប់គម្រោង កម្មវិធី ឬគំនិតផ្តួចផ្តើមផ្សេងៗ ។

ទាក់ទងនឹងកម្មវិធី NSRF ឆ្នាំ២០២១ដល់ឆ្នាំ២០២៧ ដែលមានទឹកប្រាក់ជាង២៦ពាន់លានអឺរ៉ូដែលត្រូវបែងចែកទៅប្រទេសក្រិច លោករដ្ឋមន្ត្រីបានថ្លែងថា ប្រទេសរបស់លោកកំពុងនាំមុខគេនៅទូទាំងសហភាពអឺរ៉ុបនៅក្នុងអត្រាស្រូបយកសម្រាប់កម្មវិធីនេះ ។

មន្ត្រីក្រសួងខាងលើបានឱ្យដឹងថា ការផ្តល់មូលនិធិរបស់អឺរ៉ុបពីកម្មវិធី NSRF ហើយមូលនិធិស្តារ និងធន់ ហៅថា (RRF) និងប្រភពផ្សេងទៀត គឺជាមូលដ្ឋានគ្រឹះក្នុងការបង្កើតកំណែទម្រង់ចាំបាច់ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គាំទ្រអាជីវកម្ម និងគ្រួសារ និងដោះស្រាយបញ្ហាប្រឈមថ្មីៗ ។

ក្រោយពីការបំផ្លិចបំផ្លាញព្រៃឈើ និងគ្រោះទឹកជំនន់នាពេលថ្មីៗនេះ នៅក្នុងអំឡុងពេលរដូវក្តៅ និងរដូវស្លឹកឈើជ្រុះ ដែលការប៉ាន់ប្រមាណដំបូងបានធ្វើឱ្យប្រទេសក្រិច ចំណាយប្រាស់អស់ជាង២ពាន់លានអឺរ៉ូ គម្រោងដែលផ្តល់មូលនិធិដោយ RRF ដែលមានតម្លៃយ៉ាងហោចណាស់៦៨៦លានអឺរ៉ូ នឹងត្រូវបានអនុវត្តនៅក្នុងសប្តាហ៍ និងខែខាងមុខនេះ ដើម្បីសាងសង់ស្ពានឡើងវិញ ។ លោក Papathanasis បានថ្លែងថា ត្រូវស្តារបណ្តាញផ្លូវដែក និងផ្លូវថ្នល់ឡើងវិញ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top