វ៉ាស៊ីនតោន៖ កងកម្លាំងអវកាសអាមេរិក កំពុងពិចារណាបង្កើតអង្គភាពមួយក្នុងប្រទេសជប៉ុនដោយមានបញ្ជាការក្រោមបង្គាប់ ចំពេលមានការកើនឡើងនៃការប្រើប្រាស់យោធារបស់ចិន លើលំហអាកាស និងការគំរាមកំហែងកាំជ្រួច និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។
លោកឧត្តមសេនីយ៍ Chance Saltzman ប្រធានផ្នែកប្រតិបត្តិការអវកាសរបស់សហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូ នៅពេលសួរអំពីផែនការបង្កើតបញ្ជាការថ្មីថា “យើងទើបតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការ ដើម្បីរកឱ្យឃើញនូវអ្វី ដែលទីស្នាក់ការកណ្តាលនឹងធ្វើ” ។
ផែនការនេះកើតឡើងនៅពេល ដែលក្រុងវ៉ាស៊ីនតោន បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតូក្យូ និងរដ្ឋាភិបាលសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងដែនអវកាស ដែលជាកន្លែងការប្រកួតប្រជែងជាមួយប្រទេសនានា ដូចជាចិន និងរុស្ស៊ី បាននិងកំពុងកើនឡើង។
ការប្រើប្រាស់លំហអាកាសកាន់តែមានសារៈសំខាន់ផងដែរ ទាក់ទងនឹងចលនាតាមដានរបស់កូរ៉េខាងជើង ដែលបានបាញ់សាកល្បងមីស៊ីលផ្លោងម្តងហើយម្តងទៀត ចាប់តាំងពីឆ្នាំមុន ចំពេលមានការភ័យខ្លាចយ៉ាងយូរអំពីការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ទីក្រុងព្យុងយ៉ាង និងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។
កងកម្លាំងអវកាសដែលត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ២០១៩ បានបង្កើតមូលដ្ឋានមួយនៅក្រោមបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់យោធាសហរដ្ឋអាមេរិក នៅរដ្ឋហាវ៉ៃ កាលពីខែវិច្ឆិកាឆ្នាំមុន ហើយបានបង្កើតអង្គភាពមួយនៅក្នុងកងកម្លាំងសហរដ្ឋអាមេរិកកូរ៉េ ជាបញ្ជាការក្រោមបង្គាប់ដំបូងរបស់ខ្លួននៅក្នុងតំបន់ឆ្ងាយបូព៌ា៕
ប្រែសម្រួល ឈូក បូរ៉ា