អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា អ្នកលេងហ្គេម esports អាជីពជនជាតិរុស្ស៊ី Daniil ‘Putrick’ Abdrakhmanov និង Egor ‘Swizzy’ Licko បានចោទប្រកាន់ Epic Games ពីការរើសអើង បន្ទាប់ពីពួកគេត្រូវបានបដិសេធ មិនទទួលរង្វាន់ សម្រាប់ការឈ្នះជើងឯក Fortnite កាលពីខែមុន ដោយសារសញ្ជាតិរបស់ពួកគេ ។
កីឡាករសញ្ជាតិរុស្សីទាំង ២ នាក់ បានឈ្នះពានរង្វាន់ Fortnite Champion Series (FNCS) Major 3: Chapter 4 Season 3 ហើយត្រូវបានគេសន្មត់ថា នឹងទទួលបានរង្វាន់ ជាសាច់ប្រាក់ ២០០,០០០ដុល្លារ ។ ទោះជាយ៉ាងណាក៏ដោយ Epic Games ដែលជាអ្នកបង្កើតហ្គេម និងអ្នករៀបចំការប្រកួតជើងឯក បានបដិសេធមិនបង់ប្រាក់ ហើយថែមទាំងដកសិទ្ធិ Putrick ពីព្រឹត្តិការណ៍ FNCS Copenhagen នាពេលខាងមុខ ។
ចាប់តាំងពីពេលនោះមក អ្នកលេងហ្គេម បានចែករម្លែកការដោះដូរអ៊ីម៉ែល របស់លោកជាមួយ Epic Games ក្នុងនោះលោកត្រូវបានតំណាង ក្រុមហ៊ុនប្រាប់ថា ប្រាក់ត្រូវបានដកហូត ដោយសារតែលោក និង Swizzy បានសាទរពី ‘Prize Restricted Region’ ជាការចាត់តាំង ឲ្យប្រទេសរុស្ស៊ី បន្ទាប់ពីវាបានចាប់ផ្តើមប្រតិបត្តិការយោធា របស់ខ្លួនក្នុងអ៊ុយក្រែន កាលពីឆ្នាំមុន ។
យោងតាមច្បាប់របស់ FNCS ដកស្រង់ដោយ Epic Games ថា អ្នកលេងរស់នៅក្នុងប្រទេសបែបនេះ មិនមានសិទ្ធិទទួលបានរង្វាន់ពីព្រឹត្តិការណ៍នោះទេ ហើយត្រូវបានដកសិទ្ធិយ៉ាងមានប្រសិទ្ធភាព ។ គួរកត់សម្គាល់ថា ច្បាប់មិននិយាយអំពីភាព ជាពលរដ្ឋ របស់អ្នកចូលរួមទេ មានតែលំនៅដ្ឋានរបស់លោក។
លោក Putrick បានសង្កត់ធ្ងន់ថា លោកមិនបានលេង មកពីប្រទេសរុស្ស៊ីឬ “តំបន់ហាមឃាត់រង្វាន់” ផ្សេងទៀត ក្នុងអំឡុងពេលជើងឯក ។ ទាំងលោក និង Swizzy រស់នៅ និងលេងពីប្រទេសបេឡារុស្ស ជាកន្លែងដែល Epic Games មិនបានណែនាំជាផ្លូវការ នូវការរឹតបន្តឹង ។
លើសពីនេះ លោក Putrick បានបង្ហាញក្នុងបទសម្ភាសន៍មួយថា គណនីធនាគារ របស់លោកមានមូលដ្ឋាន នៅប្រទេសកាហ្សាក់ស្ថាន មិនត្រូវបានចុះបញ្ជី ជាតំបន់ហាមឃាត់ មានន័យថា ការផ្ទេរប្រាក់រង្វាន់ ២០០,០០០ ដុល្លារមិនគួរមានបញ្ហាអ្វីនោះទេ ៕
ដោយ៖លី ភីលីព