ព័ត៌មានអន្តរជាតិ

តួកគី បើកការវាយប្រហារ តាមអាកាសប្រឆាំង នឹងក្រុមឃឺដ នៅភាគខាងជើងអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារ ដោយគ្រាប់បែក

ប្រភព ៖ Xinhua

អង់ការ៉ា ៖ ក្រសួងការពារជាតិរបស់ប្រទេសនេះបានឲ្យដឹងថា កងកម្លាំងតួកគីបានធ្វើការវាយប្រហារ តាមអាកាសនៅភាគខាងជើង ប្រទេសអ៊ីរ៉ាក់ និងបានបំផ្លាញគោលដៅចំនួន ២០ នៃគណបក្សពលករឃឺដ (PKK) ដែលខុសច្បាប់ ។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាសរបស់តួកគីបានកំណត់គោលដៅលើមូលដ្ឋាន PKK នៅ Gara, Hakurk, Metina និង Qandil នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ

យុទ្ធនាការយោធាបានកើតឡើង បន្ទាប់ពីអ្នកវាយប្រហារពីរនាក់ បានប៉ុនប៉ងវាយប្រហារ ដោយគ្រាប់បែកនៅមុខអគារក្រសួងមហាផ្ទៃ តួកគីក្នុងរដ្ឋធានីអង់ការ៉ា កាលពីព្រឹកថ្ងៃអាទិត្យ ដែលបានធ្វើឱ្យមន្ត្រីប៉ូលិស ពីរនាក់រងរបួសស្រាល។

អ្នកវាយប្រហារម្នាក់បានស្លាប់ បន្ទាប់ពីគាត់បានបំផ្ទុះគ្រាប់ បែកអត្តឃាត ខណៈម្នាក់ទៀតត្រូវបានបាញ់សម្លាប់ដោយប៉ូលីស។ ក្រសួងមហាផ្ទៃបានឲ្យដឹងថា អ្នកវាយប្រហារម្នាក់ត្រូវបានគេកំណត់អត្តសញ្ញាណថាជាសមាជិកនៃ PKK ហើយការស៊ើបអង្កេត កំពុងដំណើរការ ដើម្បីកំណត់អត្តសញ្ញាណរបស់ម្នាក់ទៀត ។

កងកម្លាំងតួកគីជារឿយៗធ្វើប្រតិបត្តិការជើងគោក ការវាយប្រហារតាមអាកាស និងការទម្លាក់គ្រាប់បែកដោយកាំភ្លើងធំនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ប្រឆាំងនឹងក្រុម PKK ជាពិសេសនៅតំបន់ភ្នំ Qandil ដែលជាមូលដ្ឋានសំខាន់របស់ក្រុម៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top