វ៉ាស៊ីនតោន៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា អនាគតនៃការផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន ស្ថិតក្នុងភាពទ្រឹង ក្រោយពីកិច្ចព្រមព្រៀងជាចុងក្រោយ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល បើទោះបីជាលោកប្រធានាធិបតី ចូ បៃដិន ព្យាយាមធានាជាថ្មីថា ក្រុង គៀវ នឹងទទួលបានអ្វីដែលខ្លួនត្រូវការ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី ក៏ដោយ ។
ត្រឹមតែ១សប្តាហ៍ បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅទីក្រុងវ៉ាស៊ីនតោន បានអំពាវនាវរកមូលនិធិបន្ថែមទៀត ការសម្របសម្រួលដែលបានធ្វើឡើងនៅក្នុងសភាកាលពីល្ងាចថ្ងៃអាទិត្យ ដោយបានទម្លាក់ចោលនូវមូលនិធិថ្មីសម្រាប់អ៊ុយក្រែន ស្របពេលមានការប្រឆាំងពីសមាជិកមកពីគណបក្សសាធារណរដ្ឋដែលមាននិន្នាការចចេសរឹងរូស ។
លោក បៃដិន និងគណបក្សប្រជាធិបតេយ្យរបស់គាត់បានលើកឡើងថា សហរដ្ឋអាមេរិក មានកាតព្វកិច្ចជួយដល់ ប្រទេសអ៊ុយក្រែន ឲ្យក្រោកឈរឡើងចំពោះការឈ្លានពានដ៏ឃោរឃៅរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ដោយបានព្រមានថា ការបរាជ័យក្នុងការធ្វើដូច្នេះអាចជំរុញឱ្យមានអំណាចផ្តាច់ការផ្សេងទៀតនាពេលអនាគត ។
ប៉ុន្តែបញ្ហានេះបានក្លាយជារឿងនយោបាយយ៉ាងខ្លាំងនៅក្នុងក្រុងវ៉ាស៊ីនតោន ដែលជោគវាសនានៃការផ្តល់ជំនួយយោធាដ៏សំខាន់នាពេលឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដូចក្រុង គៀវ បានព្យាយាមធ្វើឱ្យមានវឌ្ឍនភាពក្នុងការវាយលុកដ៏យឺតរបស់ខ្លួន នៅមុនពេលរដូវរងាឈានចូលមកដល់ ។
កាលពីថ្ងៃអាទិត្យ លោក បៃដិន បានជំរុញឱ្យប្រធានសភាមកពីបក្សសាធារណៈរដ្ឋ លោក Kevin McCarthy ដើម្បី “បញ្ឈប់ការប្រជែងគ្នានេះ” ហើយបានថ្លែងថា គាត់ “រំពឹងយ៉ាងមុតមាំ” គាត់នឹងធានាបាននូវការអនុម័តលើច្បាប់ដាច់ដោយឡែកមួយសម្រាប់ការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែន នៅក្នុងពេលឆាប់ៗនេះ ។
លោក បៃដិន បានថ្លែងនៅក្នុងសុន្ទរកថាពីសេតវិមានយ៉ាងដូច្នេះថា “ខ្ញុំចង់ធានាដល់សម្ព័ន្ធមិត្តអាមេរិករបស់យើង ប្រជាជនអាមេរិក និងប្រជាជននៅអ៊ុយក្រែន ថា អ្នកអាចពឹងផ្អែកលើការគាំទ្ររបស់យើង ។ យើងនឹងមិនដើរចេញពីអ្នកនោះទេ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា