អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា ចៅក្រមសហព័ន្ធបានបដិសេធសំណើរបស់មហាសេដ្ឋី លោក Elon Musk ក្នុងការច្រានចោលបណ្តឹងចាត់ថ្នាក់ដែលបានស្នើឡើងដោយចោទប្រកាន់ថា លោកបានបោកប្រាស់វិនិយោគិន Twitter មុនពេលទិញក្រុមហ៊ុនកាលពីឆ្នាំមុន។
សេចក្តីសម្រេចដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ចៅក្រមស្រុកអាមេរិក Andrew Carter បាននិយាយថា លោក Musk ត្រូវតែប្រឈមមុខនឹងការប្តឹងផ្តល់ពីម្ចាស់ភាគហ៊ុនបានលក់មូលបត្រ Twitter ខណៈ Musk បានចោទប្រកាន់ថា បានលាក់បាំងភាគហ៊ុនកម្មសិទ្ធិរបស់លោកនៅក្នុងក្រុមហ៊ុន។
ពាក្យបណ្តឹងនេះទាក់ទងនឹងការខកខានរបស់លោក Musk ក្នុងការបង្ហាញពីភាគហ៊ុនកម្មសិទ្ធិ ៥ ភាគរយក្នុង Twitter សម្រាប់រយៈពេល ១១ ថ្ងៃដែលហួសកាលបរិច្ឆេទកំណត់របស់គណៈកម្មការមូលបត្រអាមេរិក។
ម្ចាស់ភាគហ៊ុនដែលដឹកនាំដោយមូលនិធិសោធននិវត្តន៍របស់ Oklahoma Firefighters បាននិយាយថា លោក Musk បានសន្សំប្រាក់បានជាង ២០០ លានដុល្លារដោយបន្ថែមទៅលើភាគហ៊ុន Twitter របស់លោក ហើយនិយាយដោយស្ងៀមស្ងាត់ជាមួយនាយកប្រតិបត្តិរបស់ខ្លួនអំពីផែនការរបស់លោក មុនពេលចុងក្រោយបង្ហាញពីភាគហ៊ុន ៩.២ភាគរយនៅខែមេសា ឆ្នាំ ២០២២។
មេធាវីរបស់លោក Musk បានអះអាងថា ក្នុងនាមជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX និងជាស្ថាបនិកក្រុមហ៊ុន The Boring Company និង Neuralink លោក Musk គឺជា មនុស្សមមាញឹកបំផុតនៅលើភពផែនដី ហើយថាការខកខានរបស់លោកក្នុងការអនុវត្តតាមច្បាប់របស់ SEC គឺ “អចេតនា”៕ ដោយ៖លី ភីលីព