ព័ត៌មានអន្តរជាតិ

ការកាត់បន្ថយ ទិន្នផលប្រេងរបស់ OPEC+ នឹងជួយធ្វើឱ្យទីផ្សារពិភពលោក មានស្ថិរភាព

រូបភាពពី៖​ XINHUA

គុយវែត៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីប្រេងរបស់ប្រទេសគុយវ៉ែត និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងវិនិយោគលោក Saad Al-Barak បានឲ្យដឹងថា ការកាត់បន្ថយផលិតកម្មរបស់ OPEC+ គឺចាំបាច់ ដើម្បីដោះស្រាយបញ្ហាប្រឈម និងស្ថិរភាពទីផ្សារពិភពលោក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងប្រេងរបស់ប្រទេសគុយវ៉ែត លោករដ្ឋមន្ត្រីបានឲ្យដឹងថា ទីផ្សារប្រេង កំពុងធ្វើដំណើរក្នុងទិសដៅត្រឹមត្រូវឆ្ពោះទៅរកតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ ហើយពិភពលោកត្រូវការបង្កើនការវិនិយោគលើប្រភពថាមពលផ្សេងៗរួមទាំងប្រេង ដើម្បីធានាការផ្គត់ផ្គង់ប្រេងឱ្យបានគ្រប់គ្រាន់​ និងបំពេញតម្រូវការដែលកំពុងកើនឡើង សម្រាប់ការស្តារសេដ្ឋកិច្ចពិភពលោក និងសន្តិសុខថាមពល។

ដោយសង្កត់ធ្ងន់លើតួនាទីសំខាន់របស់ OPEC+ ក្នុងការសម្រេចបាននូវស្ថិរភាពទីផ្សារ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព លោកបានសរសើរវិធានការបង្ការ ដែលធ្វើឡើងដោយ OPEC+ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលទីផ្សារប្រេងពិភពលោកជួបប្រទះ។

លោករដ្ឋមន្ត្រីក៏បានសាទរ ចំពោះការសម្រេចចិត្តរបស់អារ៉ាប៊ីសាអូឌីត និងរុស្ស៊ី ក្នុងការបន្តកាត់បន្ថយការផលិតដោយស្ម័គ្រចិត្ត និងបន្តរហូតដល់ដំណាច់ឆ្នាំ២០២៣ ហើយបានសរសើរការរួមចំណែករបស់ខ្លួន ចំពោះតុល្យភាព និងស្ថិរភាពនៃទីផ្សារប្រេង។

នៅព្រឹកថ្ងៃពុធម្សិលមិញនេះ អារ៉ាប៊ីសាអូឌីតបានប្រកាសពីការសម្រេចចិត្តបន្តកាត់បន្ថយប្រេង ១លានបារ៉ែលក្នុងមួយថ្ងៃ ខណៈរុស្ស៊ី សម្រេចបន្តកាត់បន្ថយប្រេង ៣០០ពាន់បារ៉ែលក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ គណៈកម្មាធិការត្រួតពិនិត្យរួមរបស់ OPEC+ បានរក្សាគោលនយោបាយផលិតកម្មប្រេងបច្ចុប្បន្នមិនផ្លាស់ប្តូរ នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃពុធ៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top