វ៉ាស៊ីនតោន ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា លោកអាចនឹងជួបជាមួយមេដឹកនាំចិន លោក ហ្ស៊ី ជីនពីង នៅសាន់ហ្វ្រាន់ស៊ីស្កូ នៅក្នុងខែវិច្ឆិកា ខណៈដែលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង ជំរុញឱ្យមានទំនាក់ទំនងឡើងវិញ ប៉ុន្តែលោកបានថ្លែងទៀតថា មិនទាន់មានកាលវិភាគអ្វីច្បាស់ នៅឡើយទេ ។
មេដឹកនាំនៃមហាអំណាចគូប្រជែង មិនបានជួបគ្នាផ្ទាល់ ឬជជែកគ្នាអស់ជិត១ឆ្នាំមកហើយ ហើយភាពតានតឹងបានកើនឡើង ខណៈដែលប្រទេសចិន និងសហរដ្ឋអាមេរិក មានការអះអាងកាន់តែខ្លាំងឡើង ដើម្បីប្រជែងឥទ្ធិពលសកល ។
លោក បៃដិន បានប្រាប់ដល់អ្នកសារព័ត៌មាន បន្ទាប់ពីមាន សេចក្តីរាយការណ៍មកថា មេដឹកនាំទាំង២គ្រោង នឹងជួបនៅក្នុងអំឡុង ពេលកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា (APEC) ដែលនឹងប្រារព្ធធ្វើឡើងនៅសាន់ហ្វ្រាន់ស៊ីស្កូ ថាយ៉ាងដូច្នេះ “មិនទាន់មានកិច្ចប្រជុំបែបនេះទេ ប៉ុន្តែវាគឺជាលទ្ធភាពមួយ” ។
លោក បៃដិន គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ទទួលមេដឹកនាំមកពីទូទាំងតំបន់នៅថ្ងៃទី១៦ ខែវិច្ឆិកា និងថ្ងៃទី១៧ ខែវិច្ឆិកា នៅរដ្ឋកាលីហ្វ័រនីញ៉ា ហើយការរំពឹងទុកបានលើកឡើងថា វាអាចជាកន្លែងសម្រាប់កិច្ចពិភាក្សាគ្នា ។
កាសែត The Washington Post បានរាយការណ៍មកថា សេតវិមានបានចាប់ផ្តើមរៀបចំផែនការ សម្រាប់កិច្ចប្រជុំមួយនៅខាងក្រៅកិច្ចប្រជុំនេះ ក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងមានស្ថិរភាព ដោយបានដកស្រង់សម្តីពីមន្ត្រីម្នាក់ដែលបានលើកឡើងថា “ករណីនេះអាចប្រាកដណាស់” ។
គេបានដឹងថា លោករដ្ឋមន្ត្រីការបរទេស ចិន Wang Yi ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន នៅពេលណាមួយនៅមុន ពេលកិច្ចប្រជុំកំពូល APEC មកដល់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា