ព័ត៌មានអន្តរជាតិ

កងទ័ពអ៊ីស្រាអែល បាញ់ផ្លោងចូលទឹកដី របស់ប្រទេសលីបង់

ប្រភព ៖ AFP

បរទេស ៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេបានធ្វើការវាយប្រហារ ដោយកាំភ្លើងធំទៅលើទឹកដី នៃប្រទេសលីបង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារ ដោយកាំភ្លើងត្បាល់ ពីឆ្លងកាត់ព្រំដែន ចេញពីទឹកដីលីបង់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការវាយប្រហារដោយកាំភ្លើងត្បាល់ ត្រូវបានគេរាយការណ៍មួយថ្ងៃ បន្ទាប់ពីក្រុមហាម៉ាស់ និង ក្រុមប៉ាឡេស្ទីនផ្សេងទៀត បានបើកការវាយប្រហារទ្រង់ទ្រាយធំ ទៅលើទីក្រុងនានា និងមូលដ្ឋានទ័ព របស់អ៊ីស្រាអែលពីហ្គាហ្សា ។

កងទ័ពបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយកាសែត Times of Israel ថា ” កងកម្លាំងការពារអ៊ីស្រាអែល បាននឹងកំពុងចាត់វិធានការ រៀបចំសម្រាប់លទ្ធភាពប្រភេទនេះ ហើយនឹងបន្តប្រតិបត្តិការនៅគ្រប់តំបន់ និងគ្រប់ពេលវេលាចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ជន ស៊ីវិលអ៊ីស្រាអែល” ។

គ្រាប់ផ្លោងដែលត្រូវបានបាញ់ចេញ ពីទឹកដីលីបង់មុននេះ ត្រូវបានគេរាយការណ៍ថា បានវាយប្រហារទីតាំងយោធាអ៊ីស្រាអែលមួយនៅក្នុងកសិដ្ឋាន Shebaa ដែលមានជម្លោះ ។

សារព័ត៌មាន Al Arabiya បានរាយការណ៍ថា ការបាញ់ផ្លោងរបស់អ៊ីស្រាអែល បានតម្រង់ទៅលើតំបន់ក្បែរភូមិ Kafar Shuba ភាគខាងត្បូងប្រទេសលីបង់ យ៉ាងណាក៏ដោយ មិនមានអ្នករងរបួសជាលទ្ធផល នៃការវាយប្រហារនោះទេ។

ក្រោយមកនៅថ្ងៃអាទិត្យ ចលនាលីបង់ ហេសបូឡា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើ Shebaa Farms នេះបើយោងតាម Reuters បានរាយការណ៍ដោយដកស្រង់ សេចក្តីថ្លែងការណ៍មួយដោយក្រុមនេះ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top