ព័ត៌មានអន្តរជាតិ

អាមេរិក កំពុងបញ្ជូន នាវាចម្បាំង និងយន្តហោះចម្បាំង ទៅកាន់អ៊ីស្រាអែល

ប្រភព ៖ Xinhua

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងថា មន្ទីរបញ្ចកោណ កំពុងបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំង ទៅកាន់តំបន់ មេឌីទែរ៉ាណេខាងកើត ក្នុងការបង្ហាញការគាំទ្រ សម្រាប់អ៊ីស្រាអែល ចំពេលមានជម្លោះកាន់តែខ្លាំងឡើងរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមយុទ្ធជនហាម៉ាស់ ។

លោក Austin បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកបានដឹកនាំចលនារបស់ USS Gerald R. Ford Carrier Strike Group ដែលមាននាវាផ្ទុកយន្តហោះ នាវាដឹកកាំជ្រួច និងនាវាពិឃាតមីស៊ីលដឹកនាំចំនួន ៤ ទៅកាន់សមុទ្រមេឌីទែរ៉ាណេខាងកើត។

ប្រមុខការពារជាតិបានឲ្យដឹងថា មន្ទីរបញ្ចកោណក៏បានចាត់វិធានការ ដើម្បីបង្កើនកងយន្តហោះចម្បាំង F-35, F-15, F-16 និង A-10 របស់កងទ័ពអាកាសអាមេរិកនៅក្នុងតំបន់។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក “នឹង​ផ្តល់​ឱ្យ​កង​កម្លាំង​ការពារ​អ៊ីស្រាអែល​យ៉ាង​ឆាប់​រហ័ស​នូវ​ឧបករណ៍ និង​ធនធាន​បន្ថែម រួម​ទាំង​អាវុធ​យុទ្ធភណ្ឌ”។

លោក Austin បានលើកឡើង​ថា ជំនួយ​ផ្នែក​សន្តិសុខ​របស់​សហរដ្ឋ​អាមេរិក​ជុំ​ទី​មួយ​ដល់​អ៊ីស្រាអែល “នឹង​ចាប់​ផ្តើម​ធ្វើ​ចលនា” នៅ​ថ្ងៃ​អាទិត្យ “ហើយ​នឹង​មក​ដល់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top