ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធមិនបានជួយ ក្រុមហាម៉ាសរៀបចំផែនការវាយប្រហារលើអ៊ីស្រាអែល ទេ

រូបភាពពី៖​ AFP

បរទេស៖ រដ្ឋាភិបាលទីក្រុងតេហរ៉ង់បានបដិសេធមិនបានធ្វើការជួយដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហៅកាត់ថាហាម៉ាសឡើយក្នុងផែនការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើប្រទេសអ៊ីស្រាអ៊ែលកាលពីព្រឹកថ្ងៃសៅរ៍នោះទេ។

យោងតាមការចេញផ្សាយរបស់ RT បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថា៖ការសម្រេចចិត្តដែលធ្វើឡើងដោយការតស៊ូរបស់ជនប៉ាឡេស្ទីនគឺមានស្វ័យភាពយ៉ាងខ្លាំងក្លា និងស្របទៅនឹងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីនខ្លួនឯង។យើង​មិន​ពាក់ព័ន្ធ​នឹង​ផែនការទាំងនោះឡើយ។

កាលពីថ្ងៃអាទិត្យ កាសែត Wall Street Journal បានដកស្រង់ប្រភពជាច្រើន រួមទាំងសមាជិកមិនបញ្ចេញឈ្មោះនៃក្រុមសកម្មប្រយុទ្ធហាម៉ាសនិងហេបូឡាសដោយនិយាយថា មន្ត្រីមកពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ បានជួយរៀបចំផែនការវាយប្រហារលើអ៊ីស្រាអែលតាំងពីខែសីហាហើយ បានប្រកាសផ្តល់ភ្លើងខៀវសម្រាប់ប្រតិបត្តិការនៅឯកិច្ចប្រជុំមួយនៅទីក្រុង Beirut ប្រទេសលីបង់កាលពីថ្ងៃចន្ទមុនផងដែរ។

ទោះបីជារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សេតវិមានមិនទាន់ឃើញភស្តុតាងនៃការជាប់ពាក់ព័ន្ធរបស់ទីក្រុងតេហរ៉ង់ក៏ដោយ ក៏មន្ត្រីអ៊ីស្រាអែលនិងអាមេរិកមួយចំនួនបានចោទប្រកាន់សាធារណរដ្ឋអ៊ីស្លាមថាបានឃុបឃិតជាមួយក្រុមហាម៉ាសដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top