ផ្កាយរណបអង្កេតផែនដីរបស់ប្រទេសថៃ ឈ្មោះថា Theos-2 ត្រូវបានបាញ់បង្ហោះកាលពីថ្ងៃទី៧ ខែតុលា និងបានចូលដល់គន្លងផែនដីដោយជោគជ័យនៅថ្ងៃទី៩ ខែតុលា។ ការបាញ់បង្ហោះនេះគ្រប់គ្រងដោយភ្នាក់ងារអវកាស Gisda របស់ថៃ ធ្វើឡើងនៅមជ្ឈមណ្ឌលអវកាសក្នុងតំបន់ French Guiana នៃអាមេរិកខាងត្បូង ។

ភ្នាក់ងារ Gisda បានឱ្យដឹងថា គម្រោងផ្កាយរណប Theos-2 គឺបានធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃឧស្សាហកម្មអវកាសក្នុងប្រទេសថៃ។ ក្នុងនោះ មានមនុស្សជាច្រើន ត្រូវបានបណ្តុះបណ្តាលលើវិស័យអវកាសនេះ។

ជុំវិញភាពជោគជ័យជាប្រវត្តិសាស្រ្តនេះ នាយករដ្ឋមន្រ្តីថៃ លោក ស្រេតថា ថាវីស៊ីន បានបង្ហាញក្តីរីករាយមោទកភាពយ៉ាងខ្លាំង និងបានបញ្ជាក់ថា រដ្ឋាភិបាលបានគាំទ្រដល់វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងគំនិតច្នៃប្រឌិត ជាយូរមកហើយ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍប្រទេស និងធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាជន។

លោកបន្តថា ឆាប់ៗនេះទិន្នន័យដែលបង្កើតឡើងដោយផ្កាយរណប Theos-2 នឹងផ្តល់ផលចំណេញដល់ប្រទេស និងកាត់បន្ថយវិសមភាពក្នុងវិស័យជាច្រើន ដូចជា កសិកម្ម ផែនការក្រុង ការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រប់គ្រងទឹក គ្រោះធម្មជាតិ និងសន្តិសុខជាតិ។
នាយករដ្ឋមន្រ្តីរូបនេះ ក៏បានកត់សម្គាល់ដែរថា ផ្កាយរណប Theos-2 គឺជាផ្កាយរណបដែលបំពាក់បច្ចេកវិទ្យាខ្ពស់បំផុតនៅអាស៊ានជាមួយកម្រិតរូបភាពខ្ពស់ ដែលអាចអង្កេតឃើញវត្ថុដែលមានទំហំត្រឹមតែ ៥០សង់ទីម៉ែត្រ លើផែនដី។

លោក ស្រេតថា លើកឡើងបន្ថែមទៀតថា៖ «Theos-2 នឹងក្លាយជាកត្តាដ៏សំខាន់មួយដែលជំរុញបច្ចេកវិទ្យារបស់ថៃ ហើយសេដ្ឋកិច្ច និងសង្គម នឹងកាន់តែប្រសើរឡើង»។
បើតាមភ្នាក់ងារអវកាស Gistda ឱ្យដឹងថា ផ្កាយរណប Theos-2 នឹងទៅបំពេញបេសកកម្មជំនួស Theos-1 ដែលឈានដល់អស់អាយុកាលប្រើប្រាស់ បន្ទាប់ពីបាញ់បង្ហោះកាលពីខែតុលា ឆ្នាំ២០០៨៕

ប្រភព៖sabay
