បច្ចេកវិទ្យារីកលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ រីឯប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក៏រីកចម្រើនដូចគ្នាដែរ។ តាំងពីមានវត្តមានទូរទស្សន៍មក ការថ្លែងសុន្ទរកថាជាសាធារណៈ បានចែកចាយជាសំឡេងនិងរូបភាពដោយផ្ទាល់ដែលមិនមែនមានតែក្នុងអត្ថបទព័ត៌មានលើកាសែតទេ។
មេដឹកនាំដែលបានថ្លែងសុន្ទរកថានៅលើកញ្ចក់ទូរទស្សន៍មុនគេគឺនៅថ្ងៃទី០៥តុលាឆ្នាំ១៩៤៧ដោយលោកហារី ទ្រូម៉ាន(Harry Truman) ដែលជាប្រធានាធិបតីទី៣៣នៃសហរដ្ឋអាមេរិក។ នៅពេលនោះលោកថ្លែងស្នើឲ្យប្រជាជនសហរដ្ឋអាមេរិកសន្សំសំចៃស្បៀងដើម្បីទុកជួយប្រជាជននៅទ្វីបអឺរ៉ុបដែលជួបប្រទះវិនាសកម្មក្រោយសង្គ្រាមលោកលើកទី២។
ទោះជានៅពេលនោះ ចំនួនអ្នកប្រើប្រាស់ទូរទស្សន៍នៅសហរដ្ឋអាមេរិកនៅតិចតួចក្ដី ប៉ុន្តែការថ្លែងសុន្ទរកថារបស់លោកគឺជាការបើកផ្លូវសម្រាប់ការផ្សព្វផ្សាយពីសកម្មភាពរបស់ប្រធានាធិបតី ដូចជាការស្បថចូលកាន់តំណែង ព្រមទាំងការយកកញ្ចក់ទូរទស្សន៍ធ្វើជាវេទិកាឃោសនានយោបាយរាល់ពេលបោះឆ្នោតម្ដងៗរបស់អ្នកនយោបាយអាមេរិក និងសកលលោក៕
ប្រភព៖ sabay