ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន បានកើនឡើងដល់២.៦៧០នាក់ ជាមួយគ្នានេះដែរមានអ្នករងរបួសជាង៩.៦០០នាក់ត្រូវបានរាយការណ៍ឲ្យដឹង ។
លោក Ashraf Al-Qudra អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល “បន្តមានឡើងដោយភាពឃោរឃៅ” ដោយគាត់បានកត់សម្គាល់ថា ការវាយប្រហារបានកំណត់គោលដៅសង្កាត់លំនៅដ្ឋាន និងបំផ្លាញផ្ទះជាច្រើន “របស់អ្នកស្រុក” ។
លោកបានលើកឡើងទៀតថា ប្រតិបត្តិការជួយសង្គ្រោះ “កំពុងប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំង” ជាលទ្ធផលបង្កការបំផ្លិចបំផ្លាញដ៏ទ្រង់ទ្រាយធំនៅក្នុងសង្កាត់លំនៅដ្ឋាន និងផ្លូវដែលទៅកាន់ដល់មន្ទីរពេទ្យ ។
ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្គាហ្សា ហៅកាត់ (Hamas) បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទីប្រជុំជនអ៊ីស្រាអ៊ែល ដែលនៅជាប់នឹងហ្គាហ្សាស្ទ្រីប កាលពីមួយសប្តាហ៍មុនដោយបានសម្លាប់មនុស្សជាង១.៣០០នាក់នៅក្នុងប្រទេសអ៊ីស្រាអ៊ែល និងជំរុញឱ្យអ៊ីស្រាអ៊ែល ចាប់ផ្តើមការវាយប្រហារសងសឹកទៅលើតំបន់ហ្គាហ្សាវិញ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា