ព្យុងយ៉ាង៖ កូរ៉េខាងជើង បានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការដាក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្រនុយក្លេអ៊ែរ ជាបន្តបន្ទាប់ក្នុងឧបទ្វីបកូរ៉េ ដោយបានបរិហារទង្វើនេះថាជាការបង្កហេតុខាងយោធាដោយមិនលាក់លៀម ដែលជំរុញឱ្យស្ថានការណ៍ក្លាយជាមហន្តរាយមិនអាចដកវិញបាន។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានចេញផ្សាយការអត្ថាធិប្បាយមួយថ្ងៃ បន្ទាប់ពីនាវាផ្ទុកយន្តហោះ USS Ronald Reagan ដើរដោយថាមពលនុយក្លេអ៊ែរ បានមកដល់កំពង់ផែប៊ូសាន ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីសមយុទ្ធទ័ពជើងទឹកត្រីភាគី ដែលចូលរួមជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។
អត្ថបទនេះបានសង្កត់ធ្ងន់ថា ភាពធ្ងន់ធ្ងរ នៃស្ថានការណ៍សន្តិសុខ គឺកាន់តែធ្ងន់ធ្ងរឡើងដោយចលនាចុងក្រោយ របស់សហរដ្ឋអាមេរិក ដោយថា ការដាក់ពង្រាយនាវា ផ្ទុកយន្តហោះដើរ ដោយថាមពលនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក បានបង្ហាញពីគ្រោងការណ៍ របស់សហរដ្ឋអាមេរិក សម្រាប់ការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងជើង និងការផ្ទុះឡើងនៃសង្គ្រាមនុយក្លេអ៊ែរបានមកដល់នៅពេលខាងមុខ។
អត្ថបទបានព្រមានថា គោលលទ្ធិរបស់កូរ៉េខាងជើង ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ បានអនុញ្ញាតឱ្យប្រទេសនេះ ចាត់វិធានការចាំបាច់ ក្នុងករណី ដែលវាស្ថិតនៅក្រោមការវាយប្រហារនុយក្លេអ៊ែរ ឬវាត្រូវបានគេកំណត់ថា ប្រទេសកំពុងប្រឈមមុខនឹងការវាយប្រហារនុយក្លេអ៊ែរ ដែលជិតមកដល់។
ប្រភពក៏បានបញ្ជាក់ជាថ្មីថា កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង នឹងរារាំងយ៉ាងហ្មត់ចត់ និងវាយបកនូវទង្វើដ៏ឆ្កួតៗរបស់ទីក្រុងវ៉ាស៊ីនតោន និងបក្ខពួករបស់ខ្លួន ដើម្បីបញ្ឆេះសង្រ្គាមនុយក្លេអ៊ែរនៅលើឧបទ្វីប៕
ប្រែសម្រួល ឈូក បូរ៉ា