បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក លោក Lloyd Austin បានបញ្ជាឱ្យនាវាផ្ទុកយន្តហោះមួយគ្រឿងបន្ថែមទៀត ដាក់ពង្រាយទៅកាន់សមុទ្រ មេឌីទែរ៉ាណេខាងកើត ដោយស្វែងរកការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ និងកងកម្លាំងគាំទ្រប៉ាឡេស្ទីនផ្សេងទៀត ឱ្យនៅឆ្ងាយពីសង្គ្រាមអ៊ីស្រាអែល-ហ្គាហ្សា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រធានមន្ទីរប៉ង់តាហ្គោន បានប្រកាសកាលពីយប់ថ្ងៃសៅរ៍ថា នាវា USS Dwight D. Eisenhower ដឹកផ្ទុកកងយន្តហោះចំនួន៩គ្រឿង អមដំណើរដោយនាវាពិឃាត ផ្ទុកកាំជ្រួចចំនួនពីរគ្រឿង និងនាវាចម្បាំង បំពាក់កាំជ្រួចនាំផ្លូវ នឹងចូលរួមជាមួយក្រុមនាវា ផ្ទុកយន្តហោះ USS Gerald R. Ford ក្នុងតំបន់នាពេលឆាប់ៗនេះដើម្បី ” រារាំងសកម្មភាពអរិភាពប្រឆាំង នឹងអ៊ីស្រាអែល ឬកិច្ចប្រឹងប្រែងណាមួយឆ្ពោះទៅរកការពង្រីកសង្រ្គាមនេះ បន្ទាប់ពីការវាយប្រហាររបស់ក្រុម ហាម៉ាស មកលើអ៊ីស្រាអែល»។
លោក Austin បាននិយាយថា “ការកើនឡើងនៃកម្លាំងស្ថានភាព យោធារបស់សហរដ្ឋអាមេរិកនេះ បង្ហាញពីការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់អ៊ីស្រាអែល និងការតាំងចិត្ត របស់យើងក្នុងការរារាំងរដ្ឋ ឬតួអង្គមិនមែនរដ្ឋណាមួយ ដែលស្វែងរកការធ្វើឱ្យកើនឡើងនៃសង្រ្គាមនេះ” ។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែលលោក Yoav Gallant នៅមុនថ្ងៃនោះ Austin “បានផ្តល់ព័ត៌មានថ្មីៗ” ស្តីពី “កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីបន្តលំហូរសមត្ថភាពការពារដែនអាកាស និងអាវុធដល់កងកម្លាំង ការពារអ៊ីស្រាអែល” ប៉ុន្តែក៏បានសង្កត់ធ្ងន់លើ “សារៈសំខាន់នៃការប្រកាន់ ខ្ជាប់នូវច្បាប់សង្គ្រាម រួមទាំងកាតព្វកិច្ចការពារជនស៊ីវិល និងការដោះស្រាយវិបត្តិ មនុស្សធម៌កាន់តែអាក្រក់ នៅតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលបន្តប្រតិបត្តិការរបស់ខ្លួនដើម្បីស្ដារសន្តិសុខឡើងវិញ»។
យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ រដ្ឋបាលអាមេរិកបានច្រានចោល ការបញ្ជូនបុគ្គលិកយោធាទៅកាន់តំបន់ហ្គាហ្សា ជាផ្នែកនៃប្រតិបត្តិការជើង គោកណាមួយរបស់អ៊ីស្រាអែល ឬការប៉ុនប៉ងឱ្យមានការដោះលែង ចំណាប់ខ្មាំងអាមេរិកដែលនៅទីនោះ ដោយអាមេរិកគ្រាន់តែជួយដល់ កងកម្លាំងការពារជាតិអ៊ីស្រាអែល ជាមួយនឹងព័ត៌មាននៃការស៊ើបការណ៍សម្ងាត់ និងផែនការប្រតិបត្តិការប៉ុណ្ណោះ៕
ប្រែសម្រួលៈ ណៃ តុលា