ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានពីការរីករាលដាល នៃសង្គ្រាម ប្រសិនបើអ៊ីស្រាអែល បន្ដការវាយប្រហារ

ប្រភព ៖ AFP

តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានព្រមាន អំពីការពង្រីកជម្លោះ ប្រសិនបើអ៊ីស្រាអែល បន្តការវាយប្រហារ របស់ខ្លួនលើតំបន់ ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Raisi បានឲ្យដឹងនៅក្នុងកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង Emmanuel Macron ថា “ប្រសិនបើរបប Zionist ស្វែងរកការបង់ប្រាក់ សម្រាប់ការបរាជ័យរបស់ខ្លួនតាមរយៈការបន្តនៃឧក្រិដ្ឋកម្មទាំងនេះ ប្រឆាំងនឹងប៉ាឡេស្ទីន វិមាត្រនៃការអភិវឌ្ឍន៍សង្គ្រាម នឹងពង្រីក” ។

លោក Raisi បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារ របស់អ៊ីស្រាអែល លើប៉ាឡេស្ទីនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ និងបានរិះគន់រដ្ឋាភិបាលបារាំង ចំពោះការរារាំងការប្រមូលផ្តុំគ្នា គាំទ្រប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។

ចំណែកប្រធានាធិបតីបារាំងវិញ បានសម្តែងការព្រួយបារម្ភ ចំពោះការកើនឡើងនៃវិបត្តិនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបានអំពាវនាវឱ្យអ៊ីរ៉ង់ ដើរតួនាទីដ៏មានឥទ្ធិពលរបស់ខ្លួនក្នុងការគ្រប់គ្រងស្ថានការណ៍ក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ លោក Raisi បានលើកឡើងថា “ក្រុមតស៊ូអាចសម្រេចចិត្តដោយខ្លួនឯង” ។

ចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) បានបើកការវាយប្រហារដ៏ គួរឱ្យភ្ញាក់ផ្អើលមួយជាមួយនឹងគ្រាប់រ៉ុក្កែតរាប់ពាន់គ្រាប់ និងការជ្រៀតចូល ដោយក្រុមសកម្ម ប្រយុទ្ធជាច្រើននាក់លើអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដោយជំរុញឱ្យមានការវាយប្រហារ តាមអាកាសយ៉ាងទូលំទូលាយ របស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top