ព័ត៌មានអន្តរជាតិ

លោក ពូទីន ៖ រុស្ស៊ី ត្រៀមខ្លួន​សម្របសម្រួល ជាមួយដៃគូ ដើម្បីបញ្ចប់អំពើហិង្សា និងស្ដារស្ថិរភាពស្ថានការណ៍នៅមជ្ឈិមបូព៌ា

ប្រភព ៖ AFP

ម៉ូស្គូ​៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាមួយដៃគូ ដែលមានគំនិតស្ថាបនា ដើម្បីបញ្ចប់អំពើហិង្សាក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល និងធ្វើឱ្យស្ថានការណ៍មានស្ថិរភាពឡើងវិញ។

មេដឹកនាំរុស្ស៊ី បានធ្វើសេចក្តីថ្លែងការណ៍នេះក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ​ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រៃស៊ី​ ប្រធានាធិបតីប៉ាឡេស្ទីនលោក ម៉ាប៉ូដ អាបាស និងប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល ហ្វាតាអាល់ស៊ីស៊ី​ កាលពីថ្ងៃចន្ទ ដែលក្នុងនោះមេដឹកនាំបានពិភាក្សាអំពីការកើនឡើងនាពេលថ្មីៗនេះនៅក្នុងជម្លោះ​ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

លោកពូទីន បានសង្កត់ធ្ងន់លើការមិនអាចទទួលយកបាននូវទម្រង់នៃអំពើហឹង្សាណាមួយប្រឆាំងនឹងជនស៊ីវិល ដោយបន្ថែមថាទីក្រុងម៉ូស្គូ បានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយមនុស្សធម៌ចាំបាច់ទាំងអស់។

លោកបានកត់សម្គាល់ថា សេចក្តីព្រាងសេចក្តី សម្រេចរបស់រុស្ស៊ី ដែលថ្មីៗនេះបានស្នើទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការ អនុវត្តបទឈប់បាញ់ មនុស្សធម៌ជាបន្ទាន់ ដោយបន្ថែមថា ដំណោះស្រាយមិនមាន លក្ខណៈនយោបាយ តាមមធ្យោបាយណាមួយឡើយ។

លោក ពូទីន បានរំលឹកឡើងវិញថា ដំណោះស្រាយដ៏យុត្តិធម៌រយៈពេលវែង ចំពោះជម្លោះគួរតែផ្តល់ សម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ដែលរួមរស់ក្នុងសន្តិភាព និងសន្តិសុខជាមួយអ៊ីស្រាអែល។

មេដឹកនាំបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃអរិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ជាពិសេស “ការកើនឡើងមហន្តរាយ” នៃចំនួនជនស៊ីវិល និងវិបត្តិមនុស្សធម៌កាន់តែស៊ីជម្រៅនៅតំបន់ហ្គាហ្សាស្ទ្រីប។

ប្រធានាធិបតីទាំងអស់ បានឯកភាពលើតម្រូវការ ដើម្បីអនុវត្តបទឈប់បាញ់ជាបន្ទាន់ និងបទឈប់បាញ់មនុស្សធម៌ ដើម្បីផ្តល់ជំនួយដល់អ្នក ដែលត្រូវការជំនួយ ជាពិសេសការពិចារណា ពីការព្រួយបារម្ភធ្ងន់ធ្ងរ ដែលជម្លោះអាចកើនឡើងទៅជាសង្រ្គាមក្នុងតំបន់៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top