ឆាដ៖ នាយករដ្ឋមន្ត្រីប្រទេសឆាដ លោក Saleh Kebzabo បានទទួលយកការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីការពារជាតិ Daoud Yaya Brahim និងអគ្គលេខាធិការរដ្ឋាភិបាលលោក Haliki Choua Mahamat បន្ទាប់ពីបុរសទាំង ២ នាក់មានរឿងអាស្រូវដ៏ធំមួយបានផ្ទុះឡើង នៅពេលវីដេអូដាច់ដោយឡែកពីគ្នាបង្ហាញថា ពួកគេម្នាក់ៗកំពុងធ្វើសកម្មភាពស្និទ្ធស្នាលជាមួយមនុស្សផ្សេងទៀតបានលេចចេញនៅលើប្រព័ន្ធអ៊ីនធើណេត យោងតាមការចេញផ្សាយពីគេហទំព័រ RT។
ការលាលែងទាំង២ នាក់នេះត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី ដែលមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមលើបញ្ហានេះទេ។ រដ្ឋមន្ត្រីការពារជាតិមិនបានធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះទេ។ ចំណែកលោក Mahamat បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Tchadinfos ថា លោកបានសម្រេចចិត្តចុះចេញពីតំណែងដើម្បីរក្សាសុចរិតភាពនៃតំណែងរបស់គាត់ និងបង្ហាញការគោរពចំពោះរដ្ឋាភិបាល និងប្រជាជនឆាដ។
យោងតាម Tchadinfos បាននិយាយថា លោកក៏បានចង្អុលបង្ហាញពីសារសំខាន់នៃការគោរពឯកជនភាពរបស់មនុស្សក្នុងយុគសម័យឌីជីថល បន្ទាប់មកមន្ត្រីរូបនេះបានអំពាវនាវឲ្យមានការគោរពចំពោះគ្រប់ភាគីពាក់ព័ន្ធ។ វីដេអូលេចធ្លាយបង្ហាញពីអគ្គលេខាធិការ និងភរិយារបស់លោក។
យោងតាមសារព័ត៌មានក្នុងស្រុកមួយចំនួនថា លោក Brahim ដំបូងឡើយបានព្យាយាមបិទបាំងរឿងអាស្រូវនេះ។ ភ្នាក់ងារនានាបានអះអាងថា ឧត្តមសេនីយរូបនេះ ប្រហែលជាមានដៃក្នុងការបាត់ខ្លួនរបស់នារីវ័យក្មេង ២ នាក់នាពេលថ្មីៗនេះជាប់ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ ខណៈខ្លះទៀតបង្ហាញថា ស្ត្រីទាំង២នាក់ត្រូវបានឃុំខ្លួនដោយទីភ្នាក់ងារសន្តិសុខជាតិរបស់ឆាដ (ANS)។ រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវការអំពីរបាយការណ៍ទាំងនេះទេ។
នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា វីដេអូដែលចោទសួរត្រូវបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ហើយត្រូវបានចែកចាយយ៉ាងទូលំទូលាយចាប់តាំងពីពេលនោះ។ ឆាដជាប្រទេសកាន់សាសនាឥស្លាមលើសលុបដែលមានបទដ្ឋានសង្គមអភិរក្ស។ រឿងអាស្រូវស្រដៀងគ្នានេះកម្រកើតមានក្នុងប្រទេសអាហ្វ្រិក៕ ដោយ៖លី ភីលីព