បរទេស៖ ជម្លោះរវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស និងអ៊ីស្រាអែល ទំនងជាមិនអាចបញ្ចប់នៅពេលណាមួយក្នុងពេលឆាប់ៗនេះទេ នេះបើតាមលោក Benny Gantz សមាជិកនៃគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារសង្គ្រាមគ្រាអាសន្នរបស់ប្រទេស និងជាអតីតរដ្ឋមន្ត្រីការពារជាតិបាននិយាយកាលពីថ្ងៃពុធ។
យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីរូបនេះក៏បានព្រមានដែរថាអរិភាពទ្រង់ទ្រាយធំអាចហៀរចេញពីតំបន់ហ្គាហ្សាផងដែរ។ថ្លែងនៅក្នុងពិធីបុណ្យសពលោក Ofir Libstein ដែលជាប្រធានក្រុមប្រឹក្សាប្រចាំតំបន់ ដែលត្រូវបានសម្លាប់ដោយពួកសកម្មប្រយុទ្ធហាម៉ាស លោក Gantz បានព្យាករណ៍ថា ការប្រយុទ្ធគ្នានឹងអូសបន្លាយរយៈពេលយូរ។
លោកបន្តថា៖សង្រ្គាមនៅភាគខាងត្បូង ហើយប្រសិនបើចាំបាច់ក៏នៅភាគខាងជើង ឬកន្លែងណាផ្សេងទៀតនឹងចំណាយពេលច្រើនខែ ហើយការកសាងឡើងវិញនឹងចំណាយពេលរាប់ឆ្នាំដែលមានន័យថាមានតែនៅពេលដែល ការកសាងឡើងវិញរួចរាល់ ទើបយើងទទួលបានជ័យជំនះ។
ការលើកឡើងដោយ លោក Gantz ដែលស្ថិតនៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក Benjamin Netanyahu គឺសំដៅទៅលើស្ថានភាពដ៏ច្របូកច្របល់នៅតាមព្រំដែនរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់ផងដែរ ដែលជាទីកន្លែងរបស់ក្រុមសកម្មប្រយុទ្ធ Hezbollah ហើយ លើសពីនេះ អ៊ីស្រាអែលកាន់កាប់ផ្នែកមួយនៃ Golan Heights ដែលត្រូវបានទាមទារដោយស៊ីរីផង៕ ប្រែសម្រួល៖ស៊ុនលី