ព័ត៌មានអន្តរជាតិ

ចិន យល់ព្រមពិនិត្យឡើងវិញ នូវពន្ធគយលើការនាំចូល ស្រារបស់អូស្ត្រាលី

Xinhua

ប៉េកាំង៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឲ្យដឹងថា ប្រទេសចិនបានយល់ព្រម ពិនិត្យឡើងវិញនូវពន្ធដែលដាក់លើការនាំចូលស្រា របស់អូស្ត្រាលី ដោយជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី ផ្អាកជម្លោះរបស់អង្គការ ពាណិជ្ជកម្មពិភពលោក ដែលខ្លួនប្តឹងទីក្រុងប៉េកាំង។

នាយករដ្ឋមន្ត្រីក៏បានប្រកាសថា លោកនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ដើម្បីជួបជាមួយប្រធានាធិបតីលោក ស៊ីជីនពីង និងនាយករដ្ឋមន្ត្រី លោក លី ឈាំង ដែលជាសញ្ញានៃការធ្វើឱ្យ ប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគី នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេស របស់មេដឹកនាំអូស្ត្រាលី ចាប់តាំងពីឆ្នាំ២០១៦ ។

លោក Albanese បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “យើងស្វាគមន៍កិច្ចព្រមព្រៀងរបស់ប្រទេសចិន ដើម្បីធ្វើការពិនិត្យឡើងវិញនូវកាតព្វកិច្ចរបស់ខ្លួន” ដោយបន្ថែមថាដំណើរការនេះត្រូវបានគេរំពឹងថា នឹងចំណាយពេល ៥ខែ។

ការផ្លាស់ប្តូរនេះកើតឡើង នៅពេលដែលរដ្ឋាភិបាល របស់មេដឹកនាំគណបក្សការងារលោក Albanese ដែលចូលកាន់តំណែង ក្នុងខែឧសភា ឆ្នាំ២០២២ បានធ្វើការ ដើម្បីជួសជុលទំនាក់ទំនងទ្វេភាគី ដែលបានធ្លាក់ ចុះក្រោមរដ្ឋាភិបាលចម្រុះជាតិសេរីនិយមមុន របស់អតីតនាយករដ្ឋមន្ត្រី Scott Morrison ។

លោកបានលើកឡើងថា “ខ្ញុំទន្ទឹងរង់ចាំដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន ដែលជាជំហានដ៏សំខាន់មួយឆ្ពោះ ទៅរកការធានានូវ ទំនាក់ទំនងស្ថិរភាព និងផលិតភាព” ។ មកទល់ពេលនេះ ទីក្រុងប៉េកាំង បានដកការរឹតបន្តឹង លើការនាំចូលធ្យូងថ្ម និងបាឡេរបស់អូស្ត្រាលី ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top