រុស្ស៊ី ៖ សមាជិកព្រឹទ្ធសភាមួយក្រុម និងសមាជិកសភារដ្ឋឌូម៉ា បានអះអាងថា ការលក់ការផ្សាយពាណិជ្ជកម្ម នៅសង្ខាងគ្រាប់រ៉ុក្កែត អាចមានតម្លៃ ២០០ លានរូប្លែ ស្មើនឹង២.១លានដុល្លារអាមេរិក ដល់ទីភ្នាក់ងារអវកាសរុស្ស៊ី យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
អ្នកនយោបាយបានណែនាំច្បាប់ នឹងអនុញ្ញាតឲ្យ Roscosmos ដាក់ការផ្សាយពាណិជ្ជកម្ម លើគ្រាប់រ៉ុក្កែតអវកាស ដោយលើកហេតុផលថា វាអាចក្លាយជាប្រភពមូលនិធិ ដ៏សំខាន់សម្រាប់ទីភ្នាក់ងារនេះ ។ ច្បាប់នេះបាននិយាយថា យុទ្ធនាការផ្សាយពាណិជ្ជកម្ម ភ្ជាប់ទៅនឹងកម្មវិធីអវកាស ដែលមានស្រាប់នឹង ជួយធ្វើឲ្យសកម្មភាពអវកាសពេញនិយម ទាក់ទាញបុគ្គលិកវ័យក្មេង ឲ្យមកក្នុងឧស្សាហកម្មអវកាស និងបង្កើតប្រាក់ចំណូល ត្រូវបានកំណត់ សម្រាប់ការអភិវឌ្ឍកម្មវិធី និងគម្រោងអវកាសប្រកប ដោយភាពច្នៃប្រឌិត ។
យោងតាមសេចក្តីព្រាងច្បាប់ បានណែនាំនៅក្នុងរដ្ឋឌូម៉ាកាលពីថ្ងៃចន្ទថា ការដាក់ការផ្សាយពាណិជ្ជកម្ម ក្រៅប្រព័ន្ធលើវត្ថុហេដ្ឋារចនាសម្ព័ន្ធអវកាស អាចក្លាយជាប្រភពចំណូល បន្ថែម សម្រាប់ថវិកាសហព័ន្ធរុស្ស៊ី និងសាជីវកម្មរដ្ឋ Roscosmos ។ ប្រាក់ចំណូលពីសកម្មភាព ទាំងនេះនឹងត្រូវបានចែករម្លែកស្មើៗគ្នា ក្រោមសំណើ ។
TASS បានរាយការណ៍ដោយដកស្រង់សម្តី Volkov ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Sergei Volkov ប្រធាននាយកដ្ឋាន សម្របសម្រួល និងគ្រប់គ្រងការស្រាវជ្រាវ និងអភិវឌ្ឍន៍យានបាញ់បង្ហោះនៅមជ្ឈមណ្ឌល Roscosmos’ Progress Rocket and Space (RSC) បានប្រាប់អ្នកយកព័ត៌មានអំពីការងារ កំពុងដំណើរការលើការទទួលបានសិទ្ធិចុះហត្ថលេខា លើកិច្ចសន្យាសម្រាប់ការ ផ្សាយពាណិជ្ជកម្មលើគ្រាប់រ៉ុក្កែត ។ តំបន់ដែលបានព្រមព្រៀងគ្នា នៅលើយានអវកាសអាចត្រូវបានបែងចែក សម្រាប់គោលបំណងពាណិជ្ជកម្ម ។
ការផ្សាយពាណិជ្ជកម្ម លើយានអវកាសត្រូវបានអនុញ្ញាតម្តង កាលពីអតីតកាល នៅពេលរ៉ុក្កែត Soyuz ត្រូវបានបាញ់បង្ហោះចេញពីយាន Baikonur cosmodrome មាននិមិត្តសញ្ញា Sberbank ។ នាយកប្រតិបត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុ លោក Herman Gref បានស្នើសុំអតីតប្រធាន Roscosmos លោក Dmitry Rogozin ដើម្បីឲ្យអនុញ្ញាតឲ្យវាប្រារព្ធខួបលើកទី ១៨០ របស់ធនាគារ ៕
ដោយ៖លី ភីលីព