ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស៖ សហរដ្ឋអាមេរិក ចូលរួមសង្គ្រាមនៅ ក្នុងតំបន់ហ្គាហ្សា

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកជាន់ខ្ពស់ នៃក្រុមហាម៉ាសម្នាក់បាននិយាយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន មានការភ្ញាក់ផ្អើលចំពោះប្រតិកម្មរបស់អាមេរិក ចំពោះអំពើហឹង្សានាពេលថ្មីៗនេះ នៅក្នុងតំបន់ហ្គាហ្សា ដែលបង្ហាញថា សហរដ្ឋអាមេរិក អាចចូលប្រយុទ្ធ បន្ទាប់ពីខ្លួនបានបញ្ជូនទាហានរាប់ពាន់នាក់ និងនាវាផ្ទុកយន្តហោះពីរគ្រឿងទៅកាន់តំបន់នោះ។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ លោក Ali Barakeh សមាជិក នៃភាពជាអ្នកដឹកនាំនយោបាយរបស់ក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅប្រទេសលីបង់ បាននិយាយថា ក្រុមនេះ មិនរំពឹងថានឹងមានការឆ្លើយតបច្រើនទេ ពីសហរដ្ឋអាមេរិកតែផ្ទុយនឹងការរំពឹងទុក​ពីព្រោះថាអ្វី​ដែល​យើង​កំពុង​មើល​ឃើញ​នៅ​ពេល​នេះ គឺ​​សហរដ្ឋ​អាមេរិកកំពុងដើរចូល​ក្នុង​សមរភូមិនៅតំបន់ហ្គាហ្សានេះជាមួយនឹងអ៊ីស្រាអែល។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបង្ហាញពីកម្លាំងដ៏សំខាន់នៅមជ្ឈិមបូព៌ា ចាប់តាំងពីការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ខែតុលា មកលើអ៊ីស្រាអែល ដោយដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះពីរទៅកាន់សមុទ្រមេឌីទែរ៉ាណេ ក៏ដូចជានាវាវាយប្រយុទ្ធដែលផ្ទុកនាវិក និងកងម៉ារីនចំនួន២០០០នាក់ផងដែរ។

កងកម្លាំងការពារជាតិនៃប្រទេសអ៊ីស្រាអែលហៅកាត់ថាIDFបានវាយលុកតំបន់ហ្គាហ្សាជាមួយនឹងការវាយប្រហារតាមអាកាស ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីដើមខែនេះ ដែលបានឆក់យកជីវិតមនុស្សប្រហែល១៤០០នាក់ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល។

ដោយឡែកជនប៉ាឡេស្ទីនជាង៧០០០នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងប៉ុន្មានសប្តាហ៍ នៃការទម្លាក់គ្រាប់បែករបស់ IDF ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលកំពុងរៀបចំប្រតិបត្តិការជើងគោកដ៏សំខាន់មួយ ដែលមានគោលបំណងកម្ចាត់ក្រុមហាម៉ាស ចេញពីតំបន់ហ្គាហ្សាតែម្តង៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top