ប៉េរ៉ូត៖ មេដឹកនាំក្រុមហេសបូឡាហ៍ Sayyed Hassan Nasrallah បានព្រមានថា ការប្រឈមមុខដាក់គ្នាជាមួយអ៊ីស្រាអែល នៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ នឹងពង្រីកហួសពីការប៉ះទង្គិចគ្នានាពេលបច្ចុប្បន្ន ប្រសិនបេីជម្លោះនៅតំបន់ហ្គាហ្សា នៅតែបន្ដ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាលើកដំបូងរបស់លោក ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហាម៉ាស និងការប្រឈមមុខដាក់គ្នារវាងអ៊ីស្រាអែល និងហេសបូឡាហ៍ បានផ្ទុះឡើងកាលពីសប្តាហ៍មុន លោក Nasrallah បានប្រាប់ទៅអ្នកគាំទ្ររបស់លោកថា “ការកើនឡើងនៃសង្រ្គាម និងការវិវត្តនៅជួរមុខលីបង់ ពឹងផ្អែកលើកត្តាជាមូលដ្ឋានចំនួនពីរ – ព្រឹត្តិការណ៍លាតត្រដាងនៅហ្គាហ្សា និងការប្រព្រឹត្តរបស់អ៊ីស្រាអែល ឆ្ពោះទៅប្រទេសលីបង់។
លោកបានគំរាមថា “ជម្រើសទាំងអស់គឺបើកចំហនៅផ្នែកខាងមុខភាគខាងត្បូងរបស់យើង។ យើងអាចងាកទៅរកជម្រើសទាំងនេះនៅពេលណាក៏បាន” នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Nasrallah បានលេីកឡេីងថា ការគំរាមកំហែងនៃការវាយប្រហារតាមអាកាសរបស់អាមេរិក មិនដែលធ្វើឲ្យមានការប្តេជ្ញាចិត្ត ឬជំហរនៃការតស៊ូនោះទេ ដោយបានព្រមានសហរដ្ឋអាមេរិកថា “យើងបានរៀបចំការឆ្លើយតបត្រឹមត្រូវចំពោះសកម្មភាពណាមួយ ដែលអ្នកអាចនឹងធ្វើជាមួយកងនាវាចម្បាំងរបស់អ្នក” ។
លោក Nasrallah បានបន្ដថា ការប្រឈមមុខដាក់គ្នារបស់ក្រមហេសបូឡាហ៍ ជាមួយអ៊ីស្រាអែល “បានបង្វែរផ្នែកសំខាន់នៃកងកម្លាំងអ៊ីស្រាអែល ដែលមានបំណង សម្រាប់ការវាយប្រហារលើតំបន់ហ្គាហ្សា” ដោយថា “ប្រហែលមួយភាគបីនៃកងទ័ពអ៊ីស្រាអែល ត្រូវបានទាក់ទាញដោយជោគជ័យទៅកាន់ព្រំដែនជាមួយប្រទេសលីបង់” ។
លោកបានបន្ថែមថា “ការតស៊ូអ៊ីស្លាមមានគោលដៅពីរ គឺបទឈប់បាញ់នៅហ្គាហ្សា និងជ័យជម្នះសម្រាប់ក្រុមហាម៉ាស” ដោយពន្យល់ថាបទឈប់បាញ់មនុស្សធម៌នៅហ្គាហ្សាគឺជា “ត្រូវតែធ្វេីឡេីង” ខណៈដែលជ័យជម្នះរបស់ហាម៉ាសគឺ “ជាផលប្រយោជន៍របស់ប៉ាឡេស្ទីន និង ប្រទេសអារ៉ាប់ទាំងអស់”៕ ប្រែសម្រួល ឈូក បូរ៉ា