ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា រុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់សាកល្បងដោយទទួលបានជោគជ័យក្នុងការបាញ់មីស៊ីលផ្លោងអន្តរទ្វីប ដែលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាញ់ចេញពីនាវាមុជទឹកមួយរបស់ខ្លួន ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះមីស៊ីល នៅ “Bulava” ដែលជាលើកទី១ក្នុងរយៈពេលជាង១ឆ្នាំមកនេះ ដោយបានកើតឡើងនៅគ្រាដែលរុស្ស៊ី បង្កើនវោហាសាស្ត្រនុយក្លេអ៊ែរ ចាប់តាំងពីការលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរដ៏សំខាន់ ។
ក្រសួងការពារជាតិបានឲ្យដឹងថា “នាវាមុជទឹកសម្រាប់បាញ់មីស៊ីលយុទ្ធសាស្ត្រថ្មីដែលដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះថា Alexander the Third បានបាញ់បង្ហោះដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីបដែលមានមូលដ្ឋានលើសមុទ្រ “Bulava” ។
ក្រសួងបានឲ្យដឹងថា ខ្លួនបានបាញ់មីស៊ីលនៅក្រោមសមុទ្រពីទីតាំងដែលមិនត្រូវបានបង្ហាញនៅក្នុងសមុទ្រស នៅលើឆ្នេរសមុទ្រភាគពាយ័ព្យរបស់ខ្លួនទៅកាន់គោលដៅរាប់ពាន់គីឡូម៉ែត្រពីឧបទ្វីប Kamchatka ស្ថិតនៅភាគខាងកើត ។
ក្រសួងបានឲ្យដឹងថា “ការបាញ់មីស៊ីលបានធ្វើឡើងក្នុងរបៀបធម្មតាដោយបាញ់ចេញពីទីតាំងក្រោមទឹក” ដោយបានបញ្ជាក់ទៀតថា “ក្បាលមីស៊ីលបានមកដល់តំបន់ដែលបានកំណត់តាមពេលវេលាកំណត់” ។
មីស៊ីល Bulava មានប្រវែង១២ម៉ែត្រ ត្រូវបានរចនាឡើងដើម្បីជាឆ្អឹងខ្នងនៃនុយក្លេអ៊ែររបស់ទីក្រុងម៉ូស្គូ និងអាចបាញ់ដែលមានរយៈចម្ងាយជាង៨.០០០គីឡូម៉ែត្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា