ព័ត៌មានអន្តរជាតិ

គណបក្សកាន់អំណាច របស់ប្រទេសជប៉ុន សម្លឹងមើលការពិភាក្សា ស្តីពីការអនុញ្ញាត ឱ្យនាំចេញមីស៊ីល ការពារដែនអាកាស

ប្រភព ៖ kyodo

តូក្យូ ៖ ប្រភពដែលដឹងអំពីបញ្ហានេះ បានឲ្យដឹងថា ភាគីកាន់អំណាចរបស់ប្រទេសជប៉ុន គ្រោងនឹងចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីការលុបចោលការហាមឃាត់ ការនាំចេញអាវុធ សម្រាប់គោលបំណងការពារ រួមទាំងមីស៊ីលពីដីទៅអាកាស សម្រាប់ប្រទេសមួយចំនួន ដែលមានទំនាក់ទំនងសន្តិសុខជិតស្និទ្ធ។

ប្រសិនបើសម្រេចបាន ចំណាត់ការនេះអាចតំណាង ឱ្យការផ្លាស់ប្តូរដ៏សំខាន់មួយ សម្រាប់ប្រទេសជប៉ុន ដែលបានរក្សាលក្ខខណ្ឌ ដ៏តឹងរ៉ឹងលើការនាំចេញសព្វាវុធ ជាយូរយារណាស់មកហើយ ក្រោមរដ្ឋធម្មនុញ្ញ ដែលលុបចោលសង្រ្គាម របស់ខ្លួន ដោយសារមានការព្រួយបារម្ភថា ការចូលរួមក្នុងពាណិជ្ជកម្មបែបនេះ អាចពាក់ព័ន្ធនឹងប្រទេស នៅក្នុងជម្លោះអន្តរជាតិ ។

យោងតាមប្រភពបានឱ្យដឹងថា ក្រុមសមាជិកសភាមកពីគណបក្ស ប្រជាធិបតេយ្យសេរី និងដៃគូសម្ព័ន្ធយុវជន របស់ខ្លួន Komeito ក៏នឹងពិចារណាលើការអនុញ្ញាត សម្រាប់ប្រទេសជប៉ុន ក្នុងការនាំចេញ ឧបករណ៍ការពារ ដែលមិនមានគ្រោះថ្នាក់ដូចជាអាវការពារ គ្រាប់កាំភ្លើងទៅកាន់ ប្រទេសជាច្រើនទៀត ។

ប្រភពបានឲ្យដឹងថា ភាគីនានានឹងស្នើសុំឱ្យរដ្ឋាភិបាលធ្វើវិសោធនកម្ម គោលការណ៍ដ៏តឹងរឹងរបស់ខ្លួនលើ “គោលការណ៍បី” លើឧបករណ៍ការពារជាតិ និងការផ្ទេរបច្ចេកវិទ្យា រួមជាមួយនឹងគោលការណ៍ណែនាំ នៃការអនុវត្ត របស់ពួកគេ បន្ទាប់ពីបានសង្ខេបមតិពីសមាជិកសភារបស់ពួកគេនៅដើមខែធ្នូ។

គោលការណ៍ ទាំង៣ ហាមប្រាមការនាំចេញអាវុធដ៍សាហាវ លើកលែងតែវត្ថុ ដែលផលិតរួមគ្នា ឬផលិតជាមួយប្រទេសផ្សេងៗ នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ចំពោះសព្វាវុធ ដែលគ្មានគ្រោះថ្នាក់ ប្រទេសជប៉ុនអាចនាំចេញទៅកាន់ប្រទេស ដែលមានកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខ ដរាបណាគោលបំណង នៃការប្រើប្រាស់របស់ពួកគេត្រូវបានកំណត់ ចំពោះការជួយសង្គ្រោះ ការដឹកជញ្ជូន ការប្រុងប្រយ័ត្ន ការឃ្លាំមើល ឬការបោសសម្អាតមីន។

ប្រភពបានឲ្យដឹងទៀតថា គណបក្សកាន់អំណាចក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការនាំ ចេញនាវាពិឃាត និងយន្តហោះល្បាត ដោយមានគោលបំណងពង្រឹងសមត្ថភាពសន្តិសុខដែនសមុទ្រនៃប្រទេសដែលស្ថិតនៅ តាមបណ្តោយផ្លូវសមុទ្រដ៏សំខាន់ សម្រាប់ប្រទេសជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top