ព័ត៌មានអន្តរជាតិ

ប្រព័ន្ធចែករំលែក ព័ត៌មានមីស៊ីល ជប៉ុន អាមេរិក កូរ៉េខាងត្បូង ស្ថិតក្នុងដំណាក់ កាលចុងក្រោយ

xinhua

តូក្យូ ៖ រដ្ឋមន្ត្រីក្រសួង ការពារជាតិជប៉ុន លោក Minoru Kihara បានឲ្យដឹងថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានអះអាង កាលពីថ្ងៃអាទិត្យថា ប្រព័ន្ធរបស់ពួកគេ ដើម្បីចែករំលែកព័ត៌មាន ពេលវេលាជាក់ស្តែង ស្តីពីមីស៊ីលផ្លោងរបស់កូរ៉េខាងជើងគឺ “នៅក្នុងដំណាក់កាល ចុងក្រោយ” ឆ្ពោះទៅរកការ បាញ់បង្ហោះនៅចុងឆ្នាំ។

លោក Kihara បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងតូក្យូ បន្ទាប់ពីរៀបចំកិច្ចប្រជុំនិម្មិតជាមួយ សមភាគីអាមេរិកលោក Lloyd Austin និងកូរ៉េខាងត្បូងលោក Shin Won Sik ថាប្រទេសទាំងបីនឹងពន្លឿនការងាររបស់ពួកគេបន្ថែមទៀត លើយន្តការដោយ​ថា “វឌ្ឍនភាពរលូន” ត្រូវបានគេមើលឃើញ នៅក្នុងការរៀបចំរបស់ពួកគេ ។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានប្រព័ន្ធដែលភ្ជាប់ដោយឡែកពីគ្នា ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង សម្រាប់ការចាប់ និងតាមដានកាំជ្រួច របស់ទីក្រុងព្យុងយ៉ាង ប៉ុន្តែសម្ព័ន្ធមិត្តសន្តិសុខអាស៊ីដ៏សំខាន់របស់ខ្លួន ខ្វះយន្តការសម្រាប់ការចែករំលែក ព័ត៌មានបែបនេះភ្លាមៗ។

ចំពេលមានការបង្កើន កិច្ចសហប្រតិបត្តិការត្រីភាគី លើបញ្ហារួមទាំងការបាញ់សាកល្បងកាំជ្រួច ម្តងហើយម្តងទៀតដោយទីក្រុងព្យុងយ៉ាង មេដឹកនាំប្រទេសទាំងបី បានព្រមព្រៀងគ្នាកាលពីខែសីហា ចំពោះគោលដៅ នៃប្រតិបត្តិការចែករំលែក ទិន្នន័យព្រមានមីស៊ីលតាមពេលវេលាជាក់ស្តែង “នៅចុងឆ្នាំ២០២៣” ។

ប្រព័ន្ធដែលបានគ្រោងទុក ត្រូវបានគេរំពឹងថា នឹងអាចឱ្យប្រទេសទាំង៣ អាចរកឃើញ និងតាមដានការបាញ់កាំជ្រួចដោយកូរ៉េខាងជើងបានលឿន និងត្រឹមត្រូវជាងមុន។ លោក Kihara បានបន្ថែមថា ប្រមុខការពារជាតិទាំងបីក៏បានយល់ព្រមក្នុងអំឡុងកិច្ចពិភាក្សារបស់ពួកគេកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេ តាមរយៈសមយុទ្ធបីដងប្រចាំឆ្នាំ “នៅក្នុងវិស័យជាច្រើន”​៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top