ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីជប៉ុន សម្ដែងការព្រួយបារម្ភ ចំពោះការហោះហើរ យន្តហោះទម្លាក់គ្រាប់បែក រួមគ្នារវាងចិន និងរុស្ស៊ីនាពេលថ្មីៗនេះ

xinhua

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសម្តែងការប្រុងប្រយ័ត្ន កាលពីថ្ងៃសៅរ៍អំពីការហោះហើរ យន្តហោះទម្លាក់គ្រាប់បែក រួមគ្នារវាងចិន និងរុស្ស៊ីនាពេលថ្មីៗនេះ នៅលើដែនទឹកក្បែរប្រទេសជប៉ុន ដោយព្រមានថា ប្រទេសរបស់លោកកំពុងប្រឈមមុខ នឹងបរិយាកាសសន្តិសុខដ៏តឹងតែង និងស្មុគស្មាញបំផុតនៅក្នុង សម័យក្រោយសង្គ្រាម ។

លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសុន្ទរកថា នៅឯមូលដ្ឋានទ័ពអាកាស Iruma របស់កងកម្លាំងស្វ័យការពារដែន អាកាសក្នុងខេត្តសៃតាម៉ា ជិតទីក្រុងតូក្យូ ដោយបន្ថែមការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយយ៉ាងរហ័សថា “ការប៉ុនប៉ងដើម្បីផ្លាស់ប្តូរស្ថានភាព ជាឯកតោភាគី នៅជុំវិញប្រទេសរបស់យើង កំពុងកាន់តែខ្លាំងឡើង” ។

នៅក្នុងការកើតឡើងចុងក្រោយបំផុត ក្នុងខែមិថុនា យន្តហោះទម្លាក់គ្រាប់បែកចិន និងរុស្ស៊ី ៤គ្រឿងបានរួមគ្នាហោះហើរពីលើដែនទឹកក្បែរប្រទេសជប៉ុន ដែលជំរុញឱ្យ ASDF បញ្ចេញយន្តហោះចម្បាំង ហើយយន្តហោះ​ចម្បាំង​ជប៉ុន ​ក៏​បាន​ឆ្លើយ​តប​នឹង​យន្តហោះ​ទម្លាក់​គ្រាប់ ដែល​ឆ្លង​កាត់​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ។

ទោះបីជាដែនអាកាសរបស់ជប៉ុន មិនត្រូវបានរំលោភក៏ដោយ ក៏ក្រសួងការពារជាតិ បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង របស់ខ្លួនទៅកាន់ប្រទេសចិន និងរុស្ស៊ីតាមរយៈបណ្តាញការទូត ដោយមើលឃើញថា សកម្មភាពនេះជាការបង្ហាញពីកម្លាំង ។

លោក គីស៊ីដា ក៏បានកត់សម្គាល់ផងដែរ អំពីការសម្រេចចិត្តរបស់ប្រទេសជប៉ុន ដើម្បីធ្វើបច្ចុប្បន្នភាពឯកសារ ការពារសំខាន់ៗរបស់ខ្លួនកាលពីឆ្នាំមុន និងទទួលបានសមត្ថភាព “ប្រឆាំង” ឬសមត្ថភាពក្នុង ការវាយលុកមូលដ្ឋានសត្រូវ ប្រសិនបើតម្រូវការកើតឡើង ។ ការផ្លាស់ប្តូរនេះគឺ ជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ នៅក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្រ្គាមរបស់ប្រទេសជប៉ុន ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top