ព័ត៌មានអន្តរជាតិ

Update ៖ ក្រុមហាម៉ាស់ បញ្ជាក់ថា ខ្លួនបានដោះលែងចំណាប់ខ្មាំង ចំនួន៥០នាក់ ជាថ្នូរនឹងបទឈប់បាញ់គ្នា រយៈពេល ៥ថ្ងៃ

ប្រភព៖ AFP

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ថា កងពលតូច Al-Qassam ដែលជាស្លាបយោធា របស់ក្រុមហាម៉ាស់ បានឲ្យដឹង កាលពីថ្ងៃចន្ទថា ខ្លួនបានជូនដំណឹង ដល់អ្នកសម្រុះសម្រួល អំពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការដោះលែងចំណាប់ខ្មាំងជាស្ត្រី និងកុមារចំនួន៥០នាក់ ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា ជាថ្នូរនឹងបទឈប់បាញ់គ្នា រយៈពេល៥ថ្ងៃ ។

លោក Abu Ubaida អ្នកនាំពាក្យរបស់ក្រុម Al-Qassam បានឲ្យដឹងនៅក្នុងសារមួយនៅលើបណ្តាញសង្គម Telegram របស់ខ្លួនថា “អ្នកសម្រុះសម្រួលរបស់ប្រទេសកាតា បានខិតខំប្រឹងប្រែងដើម្បីដោះលែងអ្នកជាប់ឃុំអ៊ីស្រាអ៊ែល ជាថ្នូរនឹងការដោះលែងកុមារប៉ាឡេស្ទីនចំនួន២០០នាក់ និងស្ត្រីចំនួន៧៥នាក់” ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា បទឈប់បាញ់ត្រូវធានា ឱ្យមានការបញ្ឈប់អរិភាព និងអនុញ្ញាតឱ្យមានជំនួយចូល មកដល់ប្រជាជននៅក្នុងតំបន់ជុំវិញនេះ ។

លោកបានសង្កត់ធ្ងន់ថា ការបន្តការឈ្លានពានមកលើដី កងទ័ពជើងទឹក និងការឈ្លានពានតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល គំរាមកំហែងដល់ អាយុជីវិតអ្នកជាប់ឃុំ ដែលគ្រប់គ្រងដោយពួកគេ និងដោយក្រុមបក្សពួកប៉ាឡេស្ទីន ប្រដាប់អាវុធផ្សេងទៀត នៅក្នុងតំបន់ហ្គាហ្សា ។

ប្រតិបត្តិការយោធាអ៊ីស្រាអ៊ែល បានធ្វើឡើងដែលជាការសងសឹក ចំពោះការវាយប្រហារ ដែលដឹកនាំដោយក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះមានមនុស្សប្រហែល១.២០០នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល និងចំណាប់ខ្មាំងប្រហែល ២៤០នាក់ត្រូវបានចាប់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top