ព័ត៌មានអន្តរជាតិ

មេដឹកនាំអាមេរិក និងចិន ​ព្រមព្រៀងគ្នា លើការបើកបណ្តាញ រវាងយោធា និងយោធាឡើងវិញ

ប្រភព ៖ xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានគេរំពឹងថា នឹងយល់ព្រមលើការបើកឡើងវិញ ផ្នែកនៃបណ្តាញទំនាក់ទំនង យោធា ទៅយោធាក្នុងអំឡុងពេលកិច្ចប្រជុំ របស់ពួកគេនៅចុងសប្តាហ៍នេះ នេះបើតាមប្រភពជិតស្និទ្ធ នឹងទំនាក់ទំនង របស់ប្រទេសទាំងពីរ។

យោងតាមប្រភពបានឱ្យដឹងថា លោក បៃដិន គ្រោងនឹងស្នើសុំការផ្លាស់ប្តូរនេះ ហើយលោក ស៊ី ត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយក ដោយហេតុថា មន្ត្រីយោធាជាន់ខ្ពស់របស់ចិន ក៏បានគាំទ្រគំនិតនេះផងដែរ ដែលជាផ្នែកនៃជំហាន ដើម្បីចៀស វាងការគណនាខុស និងកាត់បន្ថយហានិភ័យ នៃការប៉ះទង្គិចគ្នាដោយអចេតនា។

លោក បៃដិន និងលោក ស៊ី គ្រោងនឹងបើកកិច្ចប្រជុំទល់មុខគ្នា ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំនៅថ្ងៃពុធ នៅពេលដែលពួកគេស្ថិត នៅក្នុងទីក្រុង San Francisco សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំនេះ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក បៃដិន បានឲ្យដឹងថា ប្រធានបទស្ទើរតែទាំងអស់ ត្រូវបានគេចាត់ទុកថា មានសារៈសំខាន់ សម្រាប់ទំនាក់ទំនងទ្វេភាគី ដែលភាគច្រើនមានភាពចម្រូងចម្រាស ពីទំនាក់ទំនងដ៏ស៊ីជម្រៅរបស់តៃវ៉ាន់ និងចិនជាមួយរុស្ស៊ី ចំពោះការរឹតបន្តឹងពាណិជ្ជកម្ម នឹងត្រូវបានពិភាក្សាដោយមេដឹកនាំទាំងពីរ ។

ក្នុងអំឡុងពេល នៃកិច្ចប្រជុំនោះ ប្រភពបានឲ្យដឹងថា ក្នុងចំណោមបញ្ហាជាច្រើនទៀត លោក បៃដិន និងលោក ស៊ី ប្រហែលជាយល់ព្រមក្នុង ការរឹតបន្តឹងការប្រើប្រាស់យោធា នៃបញ្ញាសិប្បនិម្មិត ដែលមិនពាក់ព័ន្ធនឹងការត្រួតពិនិត្យរបស់មនុស្ស។

មានការព្រួយបារម្ភថា បើគ្មានការរឹតត្បិតជាក់លាក់នោះទេ ការប្រើប្រាស់បច្ចេកវិទ្យា ដែលកំពុងលេចចេញអាចបង្កជាជម្លោះរវាងសហរដ្ឋអាមេរិក និងចិន ដោយស្វ័យប្រវត្តិ ឬដោយចៃដន្យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កាលពីថ្ងៃច័ន្ទ ជំនួយការសន្តិសុខ កំពូលរបស់លោក បៃដិន គឺលោក Jake Sullivan ក៏បានបង្ហាញពីក្តីសង្ឃឹម សម្រាប់វឌ្ឍនភាពឆ្ពោះទៅរកការ ចាប់ផ្តើមបណ្តាញទំនាក់ទំនងឡើងវិញជាមួយប្រទេសចិន នៅពេលដែលប្រធានាធិបតី ទាំងពីរអង្គុយជាមួយគ្នា។

លោក Sullivan បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងវ៉ាស៊ីនតោនថា “មានផ្នែកផងដែរ ដែលយើងអាចគ្រប់គ្រងការ ប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពជាឧទាហរណ៍ តាមរយៈការបង្កើតទំនាក់ទំនងយោធា ទៅយោធាឡើងវិញ”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top