បរទេស ៖ មន្ត្រីសន្តិសុខកំពូលរបស់កោះតៃវ៉ាន់ បានអះអាងថា ប្រធានាធិបតីចិនលោក Xi Jinping នឹងមិនមានយោធា ដើម្បីបើកការឈ្លានពាន ដោយជោគជ័យលើកោះតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ មានន័យថា កោះដែលគ្រប់គ្រងដោយខ្លួនឯង មានពេលវេលាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពការពាររបស់ខ្លួន ។
យោងតាមការចេញផ្សាយ របស់ RT ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ នៃកោះតៃវ៉ាន់ លោក Wellington Koo បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារនៅទីក្រុងតៃប៉ិថា ខ្ញុំមិនគិតថាវានឹងកើតឡើង ក្នុងពេលដ៏ខ្លីខាងមុខ ឬយ៉ាងហោចណាស់ ក្នុងរយៈពេលមួយទៅពីរឆ្នាំហើយ ប្រសិនបើចិនត្រូវអនុវត្តប្រតិបត្តិការដើម្បីយកតៃវ៉ាន់ ខ្ញុំមិនគិតថា វានឹងអាចទៅរួចយ៉ាងហោចណាស់ នៅក្នុងឆ្នាំ២០២៧។
ការអត្ថាធិប្បាយរបស់លោក Koo បានធ្វើឡើងដើម្បីគាំទ្រទៅលើការវាយតម្លៃ កាលពីឆ្នាំមុនដោយឧត្តមសេនីយ កងទ័ពអាមេរិកលោក Mark Milley ដែលពេលនោះ ជាប្រធានអគ្គសេនាធិការចម្រុះ ដែលបាននិយាយថា ទីក្រុងប៉េកាំងនឹងមិនត្រៀមខ្លួន ជាស្រេចក្នុងការបង្រួបបង្រួម ដោយបង្ខំជាមួយនឹងកោះតៃវ៉ាន់ភ្លាមៗ ក្នុងពេលនេះនោះទេ ។
លោក Milley បានអះអាងទៀតថា កងទ័ពរំដោះ ប្រជាជនចិនឬPLAមិនមាន បទពិសោធន៍ឬ ផ្ទៃខាងក្រោយគ្រប់គ្រាន់ ដើម្បីឈ្លានពានកោះ ដែលគ្រប់គ្រងដោយខ្លួនឯងដោយជោគជ័យ និងមិនទាន់បានហ្វឹកហាត់សម្រាប់ប្រតិបត្តិការបែបនេះ នៅឡើយទេ ខណៈដែលកាលពីគ្រានោះលោក Xi ក៏ធ្លាប់បានបង្ហើបចង់ឱ្យ PLA ត្រៀមខ្លួនដើម្បីឈ្លានពាន តៃវ៉ាន់នៅឆ្នាំ ២០២៧ ៕
ប្រែសម្រួល៖ស៊ុនលី