បរទេស៖ រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃចន្ទបានប្តូរតំណែងប្រធានសេវារដ្ឋ នៃទំនាក់ទំនងពិសេស និងការការពារព័ត៌មាននៃប្រទេសអ៊ុយក្រែន (SSSCIP) បន្ទាប់ពីរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយបានជាប់ពាក់ព័ន្ធនៅក្នុងគម្រោងកេងបន្លំ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលអ៊ុយក្រែន លោក Taras Melnichuk បានប្រកាសថា ប្រធាន SSSCIP លោក Yury Shchigol និងអនុប្រធាន Viktor Zhora ត្រូវបានបណ្តេញចេញ ហើយលោក Dmitry Makovsky ត្រូវបានតែងតាំងជានាយកស្តីទី។ ការងាររបស់ទីភ្នាក់ងារនេះគឺដើម្បីធានាការទំនាក់ទំនងរបស់រដ្ឋាភិបាល និងការពារហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសពីការវាយប្រហារតាមអ៊ីនធឺណិត។
ខណៈដែលលោក Melnichuk មិនបានបញ្ជាក់ពីមូលហេតុនៃការបណ្តេញចេញនោះ ការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) បានចេញសេចក្តីថ្លែងការណ៍មួយម៉ោងក្រោយមកដោយអះអាងថា Shchigol និង Zhora ត្រូវបានជាប់ពាក់ព័ន្ធក្នុងផែនការដើម្បីបន្លំប្រាក់ចំនួន ៦២ លាន hryvnia (១,៧២ លានដុល្លារ) ចន្លោះឆ្នាំ ២០២០ និង ២០២២។
យោងតាម ការិយាល័យប្រឆាំងអំពើពុករលួយជាតិ (NABU) មន្ត្រី SSSCIP ប្រាំមួយនាក់ បានចូលរួមក្នុងលទ្ធកម្ម នៃកម្មវិធីសម្រាប់មូលដ្ឋានទិន្នន័យរបស់រដ្ឋាភិបាលដែលមានសុវត្ថិភាព ពីក្រុមហ៊ុនពីរនៅក្នុងដំណើរការ នៃកិច្ចខិតខំប្រឹងប្រែងដេញថ្លៃ។ ក្រុមហ៊ុនដែលត្រូវបានគេចោទប្រកាន់ថា ស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកឃុបឃិតគ្នាបានលក់កម្មវិធីនេះក្នុងតម្លៃអតិផរណា ដោយចេញវិក្កយបត្រឱ្យរដ្ឋាភិបាលចំនួន ២៨៥ លាន hryvnia ខណៈដែលបានបង់ប្រាក់ ២២៣ លានទៅឱ្យអ្នកលក់បរទេស៕ ប្រែសម្រួលៈ ណៃ តុលា