ហ្គាហ្សា៖ រដ្ឋមន្ត្រីការងារប៉ាឡេស្ទីន បានឲ្យដឹងថា អត្រាគ្មានការងារ ធ្វើក្នុងចំណោមប្រជាជន ប៉ាឡេស្ទីន បានឈានដល់ ៧០ភាគរយជាលទ្ធផល នៃជម្លោះបង្ហូរឈាម រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោក Nasri Abu Jaish បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានបាត់បង់កម្លាំងការងារ និង និយោជករាប់ពាន់នាក់ ដោយសារការទម្លាក់គ្រាប់បែក ដោយហិង្សាជាបន្តបន្ទាប់ទៅលើអគារ និងអគារលំនៅដ្ឋាន រាប់ម៉ឺនខ្នង”។
លោក Jaish បានលើកឡើងថា បច្ចុប្បន្ននេះ កម្មករប៉ាឡេស្ទីនជាង ៣៥០,០០០នាក់បានក្លាយទៅជាគ្មានការងារធ្វើ ដែលមួយភាគធំ នៃពួកគេគ្មានផ្ទះសម្បែង។
លើសពីនេះ អ៊ីស្រាអែល បានចាប់ខ្លួនកម្មករ ៤,០០០នាក់ មកពីហ្គាហ្សា បណ្តេញកម្មកររាប់សិបពាន់នាក់នៅហ្គាហ្សា និងបានបណ្តេញមនុស្ស ជាច្រើននាក់ផ្សេងទៀត ទៅកាន់តំបន់ វេសបែង បន្ទាប់ពីពួកគេត្រូវបានឃុំខ្លួន និងស៊ើបអង្កេត។
ចាប់តាំងពីថ្ងៃទី០៧ ខែតុលាមក អ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាសឥតឈប់ឈរ និងការវាយលុកលើដីនៅតំបន់ហ្គាហ្សា ជាការសងសឹក ចំពោះការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល ។ អ៊ីស្រាអែលក៏បានដាក់ការរឹតបន្តឹង លើតំបន់ឆ្នេរសមុទ្រប៉ាឡេស្ទីន ដោយកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ទឹក និងអាហារ ដល់តំបន់ហ្គាហ្សាផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា