ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់ផ្ដើមកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ៤ ​ ប៉ុន្តែប្តេជ្ញាបន្តសង្រ្គាមបន្ទាប់ពីនោះ

Xinhua

ហ្គាហ្សា ៖ រយៈពេល ៦សប្តាហ៍ នៃការប្រយុទ្ធគ្នាដ៏សាហាវនេះ ក្រុមហាម៉ាស និងអ៊ីស្រាអែល កាលពីថ្ងៃពុធបានព្រមព្រៀងគ្នា លើការបញ្ឈប់ជាបណ្តោះអាសន្ន នៅក្នុងអរិភាពជាថ្នូរនឹងការ ដោះដូរចំណាប់ខ្មាំង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

បទឈប់បាញ់រយៈពេល ៤ថ្ងៃ ដូចដែលបានព្រមព្រៀងគ្នាបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជាច្រើនសប្តាហ៍ដែលដឹកនាំដោយប្រទេសកាតា នឹងផ្តល់ការសង្គ្រោះរយៈពេលខ្លីដល់ប្រជាជននៅតំបន់ហ្គាហ្សា ហើយអាចនាំទៅដល់ការដោះលែងចំណាប់ខ្មាំងបន្ថែម ប៉ុន្តែការបញ្ចប់យ៉ាងច្បាស់លាស់ ចំពោះអរិភាព គឺមិនច្បាស់នោះទេ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា សង្រ្គាមនឹងចាប់ផ្តើមឡើងវិញភ្លាមៗ នៅពេលដែលបទឈប់បាញ់ បានផុតកំណត់។ លោកបានប្រាប់សន្និសីទ សារព័ត៌មានតាមទូរទស្សន៍ថ្នាក់ជាតិថា គោលដៅរបស់អ៊ីស្រាអែល គឺបំផ្លាញសមត្ថភាពយោធា របស់ក្រុមហាម៉ាស និងទទួលបានចំណាប់ខ្មាំងទាំង ២៤០ នាក់ដែលជាប់ឃុំឃាំងនៅតំបន់ហ្គាហ្សាមកវិញ។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ក្រុម​ហាម៉ាស់ ​ក៏បាន​ប្តេជ្ញា​ត្រៀមខ្លួន ​សម្រាប់​សង្គ្រាម​ផងដែរ​។

ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងនេះ នឹងមិនចូលជាធរមានដូចការរំពឹងទុកនៅថ្ងៃព្រហស្បតិ៍នោះទេ ប៉ុន្តែរហូតមកដល់ថ្ងៃសុក្រនេះ ទីប្រឹក្សាសន្តិសុខជាតិ របស់អ៊ីស្រាអែល Tzachi Hanegbi បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសកាលពីយប់មិញ ដោយមិនបានផ្តល់ហេតុផល សម្រាប់ការពន្យារពេលនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top