ព័ត៌មានអន្តរជាតិ

Update ៖ លោក គីម ជុងអ៊ុន ថ្លែងថា ការបាញ់បង្ហោះ ផ្កាយរណបចារកម្ម ជាស្វ័យការពារខ្លួនតែប៉ុណ្ណោះ

Xinhua

សេអ៊ូល ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា ការបាញ់បង្ហោះផ្កាយរណបចារកម្ម នាពេលថ្មីៗនេះ របស់ប្រទេសរបស់គាត់ គឺជាការអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការការពារខ្លួន ខណៈដែលទីក្រុងព្យុងយ៉ាង បានប្រារព្ធព្រឹត្តិការណ៍នេះ ដោយបង្ហាញថា វាអាចវាយប្រហារគ្រប់ទីកន្លែង នៅក្នុងពិភពលោក ។

កូរ៉េខាងជើង បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ជូនផ្កាយរណប ចារកម្មដំបូងរបស់ខ្លួន នៅក្នុងគន្លងតារាវិថី ដែលករណីនេះ បានធ្វើឲ្យមានការថ្កោលទោស ជាអន្តរជាតិ ចំពោះការរំលោភលើដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលរារាំងការប្រើប្រាស់ បច្ចេកវិទ្យារបស់ខ្លួន ដែលអនុវត្ត ចំពោះកម្មវិធីមីស៊ីលផ្លោង ។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក គីម បានទៅទស្សនារដ្ឋបាលបច្ចេកវិទ្យាអវកាសជាតិ ដើម្បីអបអរសាទរអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេកទេសអវកាស ហើយបានលើកឡើងថា ការបាញ់បង្ហោះកាលពីថ្ងៃអង្គារគឺជា “ព្រឹត្តិការណ៍ដែលបានមើលឃើញជាក់ស្តែង” នៅចំពោះមុខចលនា “គ្រោះថ្នាក់ និងឈ្លានពាន” នៃកងកម្លាំងអរិភាព ។

ទីភ្នាក់ងារ KCNA បានផ្សាយថា “គាត់បានថ្លែងថា ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ គឺជាការអនុវត្តពេញលេញនៃសិទ្ធិការពារខ្លួន ដែលកងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង មិនអាចទទួលយកសូម្បីតែបន្តិច ឬបញ្ឈប់សូម្បីតែមួយភ្លែត”៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top