បរទេស៖ ប៉ុស្តិ៍ប៉ូលីសមួយបានដាក់ពង្រាយអង្គភាពត្រួតពិនិត្យហ្វូងមនុស្ស ដើម្បីរក្សាសន្តិសុខនៅផ្សារទំនើបចំនួន២ក្នុងទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៍នេះដែលជាថ្ងៃដំបូងនៃការចាក់បញ្ចាំងរឿង “4 Kings 2” ដែលជាខ្សែភាពយន្តនិយាយអំពីសង្គ្រាមក្រុមក្មេងទំនើងដែលពាក់ព័ន្ធនឹងសាលារៀន២ដែលជាគូប្រជែងនឹងគ្នា។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកវរសេនីយ៍ឯក Thanaphan Phadungkarn មេប៉ុស្តិ៍នគរបាល Lat Phrao បាននិយាយថា លោកបានដាក់ពង្រាយអង្គភាពត្រួតពិនិត្យហ្វូងមនុស្សចំនួន២ ប្រដាប់ដោយអាវុធ និងខែល និង ដំបង ដើម្បីរក្សាសន្តិសុខនៅមុខផ្សារទំនើប The Mall Bang Kapi និង ផ្សារ Lotus Bang Kapi ដែលជាកន្លែងរបស់រឿង “4 Kings 2” នឹងចាក់បញ្ចាំង។
ការនិយាយតៗគ្នាអំពីការប្រយុទ្ធគ្នានៅតាមដងផ្លូវ រវាងសាលាវិជ្ជាជីវៈជាគូប្រជែងនឹងគ្នា បានកើតឡើងលើជម្លោះដ៏យូររវាងសាលា Kanok និង សាលា Buranaphan ក្នុងតំបន់ Bang Kapi។ វគ្គទីពីរនិយាយអំពីដំណើរស្វែងរករបស់និស្សិត សាលា Kanok ដើម្បីសងសឹកគូប្រជែងរបស់ពួកគេ។
លោកវរសេនីយ៍ឯក Thanaphan Phadungkarn បាននិយាយថា ប៉ូលីសនឹងចេញមុខប្រឆាំងនឹងការវាយតប់គ្នាតាមដងផ្លូវដែលអាចធ្វើទៅបានដោយសិស្សមកពីសាលាវិជ្ជាជីវៈដែលជាគូប្រជែងនៅ Bang Kapi និងតំបន់ក្បែរនោះ។
លោកថា ប៉ូលីសនឹងអនុវត្តប្រតិបត្តិការស៊ើបការណ៍ ដើម្បីប្រមើលមើលហានិភ័យពីក្រុមអ្នកចូលមើលភាពយន្តមួយចំនួន ហើយនឹងវាយតម្លៃចំនួនទស្សនិកជនរៀងរាល់ម៉ោង។ ក្នុងករណីអំពើហិង្សាផ្ទុះឡើង ប៉ូលិសនឹងសម្របសម្រួលជាមួយផ្សារទំនើប ដើម្បីពិនិត្យមើលវីដេអូពីកាមេរ៉ាសុវត្ថិភាព។
ខ្សែភាពយន្តអំពីការប្រជែងគ្នារបស់សិស្សសាលានេះ ត្រូវបានចាក់បញ្ចាំងពីរបីសប្តាហ៍បន្ទាប់ពីឧប្បត្តិហេតុពីរបានធ្វើឱ្យផ្ទុះឡើង នៅពេលដែលសិស្សសាលាវិជ្ជាជីវៈនិងសាកលវិទ្យាល័យបច្ចេកវិទ្យា បានបាញ់សម្លាប់គ្រូបង្រៀនម្នាក់ និងសិស្សពីរនាក់ផ្សេងទៀត។ ជម្លោះតាមដងផ្លូវដែលពាក់ព័ន្ធនឹងស្ថាប័នជាគូប្រជែងនឹងគ្នានេះ បានធ្វើឱ្យសុបិន្តអាក្រក់ដែលលងបន្លាចសង្គមថៃ ជាយូរមកហើយ៕ ប្រែសម្រួលៈ ណៃ តុលា