ទួរគី៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារដោយដកស្រង់សម្ដីប៉ូលិសបានឲ្យដឹងថា សាកសពស្ត្រីជនជាតិរុស្សី ២ នាក់ត្រូវបានគេរកឃើញនៅសង្កាត់រមណីយដ្ឋាន Bodrum ប្រទេសទួរគី ដោយអ្នកទាំង២នាក់ត្រូវបានគេកំណត់អត្តសញ្ញាណថា ជាតារាម៉ូដែលវ័យ ៤២ ឆ្នាំឈ្មោះ Irina Dvizova និងកូនស្រីអាយុ ១៥ ឆ្នាំ ឈ្មោះ Dayana យោងតាមការចេញផ្សាយពីគេហទំព័រ RT។
ក្រុមអ្នកស៊ើបអង្កេតជឿថា អ្នកទាំង ២ នាក់ត្រូវបានបាញ់សម្លាប់នៅវីឡាដែលពួកគេជួល ហើយក្រោយមកត្រូវបានរុំដោយកម្រាលពូក ចងជាមួយនឹងខ្សែពួរ ហើយបានគេទម្លាក់ជិតក្បែរផ្លូវហាយវេមួយនៅជាយក្រុង។ ក្រុមគ្រួសាររបស់ពួកគេបានដាក់របាយការណ៍អ្នកបាត់ខ្លួនទៅអាជ្ញាធរមួយសប្តាហ៍មុននេះ ហើយសាច់ញាតិបានទៅពិនិត្យផ្ទះវីឡា ដែលអ្នកទាំង២នាក់បានស្នាក់នៅ ឃើញឈាមនៅលើសាឡុង ។
បន្ទាប់មកក្រុមអ្នកស៊ើបអង្កេតបានពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅផ្ទះវីឡានោះហើយបានរកឃើញថាមានរថយន្តបានបើកចេញពីផ្ទះបាត់ទៅហើយ ។ ការតាមដានរថយន្តទីបំផុតឈានដល់ការរកឃើញសាកសព។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ឥឡូវនេះប៉ូលីសកំពុងស្វែងរកអតីតស្វាមីរបស់អ្នកស្រី Dvizova គឺលោក Andrey Kushlevich ដែលជាជនសង្ស័យសំខាន់ក្នុងឃាតកម្ម ២ លើក។
និយាយទៅកាន់ RT Russia កូនប្រុសអាយុ ២០ ឆ្នាំរបស់អ្នកស្រី Dvizova បានទទូចថា វាគឺជា លោក Kushlevich ជាឪពុកចុងរបស់គាត់ដែលទទួលខុសត្រូវចំពោះការសម្លាប់ Irina និង Dayana ។ យុវជនរូបនេះបានអះអាងថា លោក Kushlevich កាន់សញ្ជាតិបារាំង និងលីទុយអានីចង់សងសឹកបន្ទាប់ពីលោកស្រី Dvizova រារាំងគាត់មិនឲ្យជួបកូនប្រុសអាយុ ៥ ឆ្នាំ។
ដូចដែលបានរាយការណ៍ដោយ RIA Novosti ថា អ្នកស្រីDvizova ក៏ទទួលបានបញ្ជាហាមឃាត់ប្រឆាំងនឹងអតីតស្វាមីរបស់អ្នកស្រី ដោយហាមឃាត់គាត់មិនឲ្យចូលទៅជិតនាង។ សមាជិកគ្រួសាររបស់ស្ត្រីរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក Andrey Kushlevich បានធ្វើបាបអ្នកស្រី។
យោងតាមសារព័ត៌មាន Sabah របស់ប្រទេសទួរគីដែលដកស្រង់សម្តីអ្នកស៊ើបអង្កេតថា បុរសអាយុ ៤៦ ឆ្នាំត្រូវបានចោទប្រកាន់ថា បានមកពីប្រទេសលីទុយអានីជាកន្លែងដែលលោករស់នៅដោយឡានហើយបានចូល ប្រទេសទួរគី តាមរយៈច្រកព្រំដែន Edirne កាលពីថ្ងៃទី ២០ ខែវិច្ឆិកា។
បន្ទាប់ពីឃាតកម្មនេះ លោ Kushlevich ត្រូវបានគេជឿថា បានចាកចេញពីប្រទេសជាមួយកូនប្រុសអាយុ ៥ ឆ្នាំរបស់លោក ហើយបានធ្វើដំណើរត្រឡប់ទៅប្រទេសលីទុយអានីវិញ៕ ដោយ៖លី ភីលីព